រដ្ឋាភិបាលសិង្ហបុរី កាលពីថ្ងៃទី១ ខែមេសា បានដាក់សេចក្ដីព្រាងច្បាប់ប្រឆាំងព័ត៌មានក្លែងបន្លំទៅកាន់សភាដើម្បីអនុម័ត។ សេចក្ដីព្រាងច្បាប់នេះ ត្រូវអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ចាត់ទុកជាសេចក្ដីមិនត្រឹមត្រូវ និងបើត្រូវអនុម័តមែននោះ នឹងប៉ះពាល់សេរីភាពបញ្ចេញមតិក្នុងប្រទេសនេះ។ RSF ក៏មើលឃើញថា សេចក្ដីព្រាងនេះ ផ្ដល់អំណាចខ្លាំងពេកទៅឲ្យរដ្ឋាភិបាល មានអត្ថន័យទូលាយ និងដាក់ទោសធ្ងន់ធ្ងរខ្លាំង។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) នៅថ្ងៃទី៨ ខែមេសា បានរិះគន់សេចក្ដីព្រាងច្បាប់ស្ដីពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅសិង្ហបុរី។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន RSF ចាត់ទុកការឆ្លើយតបរបស់សិង្ហបុរីក្នុងការប្រឆាំងការសាយភាយព័ត៌មានមិនពិតនេះ ជារឿងមិនត្រឹមត្រូវឡើយ ព្រោះរដ្ឋាភិបាលនឹងទទួលបានអំណាចពេញដៃក្នុងការគ្រប់គ្រងមាតិកាគ្រប់យ៉ាងលើប្រព័ន្ធអនឡាញ ហើយច្បាប់ថ្មី ក្លាយជាឧបករណ៍ដើម្បីបិទមាត់អ្នកប្រើប្រាស់ និងសារព័ត៌មានអនឡាញផង។
ដោយវិភាគលើសេចក្ដីព្រាងច្បាប់នេះ RSF រកឃើញចំណុចអវិជ្ជមានជាច្រើន។ បើតាមអង្គការនេះ សេចក្ដីព្រាងច្បាប់នេះ បានផ្ដល់សិទ្ធិយ៉ាងទូលាយឲ្យរដ្ឋមន្ត្រីនីមួយៗក្នុងការចេញសេចក្ដីណែនាំឲ្យបិទ កែសម្រួល ឬហាមឃាត់មាតិកាទាំងឡាយណាដែលពួកគេយល់ថា គំរាមប្រយោជន៍សាធារណៈ ដោយមិនចាំបាច់ផ្ដល់ហេតុផលឡើយ។ រដ្ឋមន្ត្រីសិង្ហបុរី ក៏មានសិទ្ធិចាត់វិធានការប្រឆាំងអង្គភាពណាក៏បាន ដើម្បីការពារការទុកចិត្តលើប្រព័ន្ធដឹកនាំរដ្ឋ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល RSF បានលើកឡើងពីមាត្រា៦១ ដែលរដ្ឋាភិបាលមានសិទ្ធិកាន់តែខ្លាំងលើការប្រឆាំងព័ត៌មានមិនពិត។ តាមមាត្រានេះ រដ្ឋមន្ត្រីណាម្នាក់ អាចលើកលែងបុគ្គលណាចេញពីការអនុវត្តច្បាប់នេះបានផងដែរ។ RSF យល់ថា តាមមាត្រានេះ រដ្ឋាភិបាលមានសិទ្ធិអនុញ្ញាតឲ្យស្ថាប័នណាមួយដែលគាំទ្រខ្លួន បញ្ចេញព័ត៌មានបោកបញ្ឆោតតាមចិត្តដោយមិនចាំបាច់ភ័យរឿងមានទោសទណ្ឌអ្វីឡើយ។
ជុំវិញរឿងការដាក់ពិន័យនេះទៀតសោត RSF ចាត់ទុកជាការរឿងគ្មានសមាមាត្រទៅទៀត។ បើសិនត្រូវបានអនុម័តមែន វេបសាយព័ត៌មាន ឬអ្នកសារព័ត៌មានប្រជាជនដែលរងបញ្ជាឲ្យដកមាតិការបស់ខ្លួន ប្រឈមមុខការពិន័យជាប្រាក់ចំនួនជិត១ម៉ឺន៥ពាន់ដុល្លារ និងអាចជាប់ពន្ធនាគារមួយឆ្នាំសម្រាប់អ្នកសារព័ត៌មាន ឬពិន័យទឹកប្រាក់ចំនួន៣៦ម៉ឺនដុល្លារសម្រាប់ក្រុមហ៊ុន។ ចំណែកក្រុមហ៊ុនផ្ដល់សេវាអ៊ីណឺណិត រងពិន័យមួយថ្ងៃ១ម៉ឺន៥ពាន់ដុល្លារដែរ បើមិនធ្វើតាមបញ្ជាឲ្យដកព័ត៌មានទេនោះ។
អង្គការអន្តរជាតិផ្នែកសារព័ត៌មានខាងលើនេះ ក៏រកឃើញថា ដំណើរការធ្វើសេចក្ដីព្រាងច្បាប់នេះមានលក្ខណៈលំអៀង ហើយរដ្ឋាភិបាលសិង្ហបុរីហាក់មានរបៀបក្រោយខ្នងផង។ នេះក៏ព្រោះតែមតិយោបល់របស់សារព័ត៌មាននានា មិនត្រូវបានរដ្ឋាភិបាលពិចារណាឲ្យដិតដល់ឡើយ ខណៈអ្នកខ្លះទទួលបានការអញ្ជើញឲ្យចូលរួមក្នុងការជជែកពិភាក្សា តែចុងក្រោយការអញ្ជើញបែរជាត្រូវលុបចោលទៅវិញ។ RSF អះអាងថា អ្វីៗត្រូវបានរៀបចំទុកមុនជាស្រេចទៅហើយ៕
