សិង្ហបុរី បានស្នើចំណាត់ការយ៉ាងតឹងរ៉ឺងថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយនៃព័ត៌មានក្លែងបន្លំ។ ការដាក់ទោសទណ្ឌដល់ការជាប់ពន្ធនាគារចំនួន១០ឆ្នាំទៀត ត្រូវបានស្នើក្នុងសេចក្ដីព្រាងច្បាប់ប្រឆាំងព័ត៌មានមិនពិតដែលដាក់ឲ្យសភាជជែកនៅថ្ងៃទី១ ខែមេសា។ បុរីរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ អះអាងថា នេះគឺជារឿងចាំបាច់ដើម្បីការពារសន្តិសុខជាតិ ខណៈក្រុមសិទ្ធិមនុស្សបង្ហាញក្តីកង្វល់ជុំវិញការដាក់សម្ពាធលើសិទ្ធិក្នុងការបញ្ចេញមតិ។
ជាយូរមកហើយ ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលសិង្ហបុរី បានប្រឈមនឹងរិះគន់ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិក្នុងការបញ្ចេញមតិ និងដាក់សម្ពាធលើសិទ្ធិក្នុងការធ្វើនយោបាយ។ យោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១៥១ ក្នុងចំណោម១៨០ប្រទេស។
យោងតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន AFP ក្រសួងមហាផ្ទៃសិង្ហបុរី គូសបញ្ជាក់ថា សិង្ហបុរី ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀត ដែលចង់ឲ្យមានការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃព័ត៌មានក្លែងបន្លំតាមប្រព័ន្ធអនឡាញ។ ក្រសួងដដែលលើកឡើងថា សិង្ហបុរី ត្រូវការចំណាត់ការតឹងរ៉ឹងបែបនេះជាចាំបាច់ ក្នុងគោលដៅទប់ស្កាត់ការសាយភាពព័ត៌មានដែលអាចប៉ះពាល់ដល់សង្គមចម្រុះជាតិសាសន៍របស់សិង្ហបុរី។
នៅថ្ងៃទី១ ខែមេសា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានបញ្ចូនទៅកាន់សភាសិង្ហបុរីដើម្បីត្រួតពិនិត្យ និងអនុម័ត។ ចំណាត់ការថ្មី ដែលត្រូវលើកឡើងក្នុងសេចក្តីព្រាងច្បាប់នេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលសិង្ហបុរីបញ្ជាឲ្យស្ថាប័នព័ត៌មានអនឡាញកែប្រែអត្ថបទរបស់ខ្លួន កាលណារដ្ឋាភិបាលចាត់ទុកថា អត្ថបទនោះជាព័ត៌មានក្លែងបន្លំ។
ម្យ៉ាងវិញទៀត រដ្ឋាភិបាល ក៏អាចបញ្ជាឲ្យវេបសាយព័ត៌មានអនឡាញលុបចោលព័ត៌មានក្លែងបន្លំផងដែរ ប្រសិនបើពួកគេជឿជាក់ថា វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះ។ អ្នកល្មើសច្បាប់អាចជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់ដល់១លានដុល្លារសិង្ហបុរី ឬស្មើនឹង ៧៤ម៉ឺនដុល្លារអាមេរិក។
យ៉ាងណាមិញ មន្ត្រីសិង្ហបុរី សង្កត់ធ្ងន់ថា ទោសព្រហ្មទណ្ឌនឹងត្រូវអនុវត្តតែក្នុងករណីធ្ងន់ធ្ងរបំផុត ប៉ុណ្ណោះ ហើយប្រសិនបើស្ថាប័នអនឡាញទាំងនោះ បដិសេធក្នុងការគោរពតាមបទបញ្ជារបស់រដ្ឋាភិបាល។ ទន្ទឺមនឹងគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី K Shanmugam លើកឡើងថា សំណើច្បាប់ថ្មីនេះ នឹងមិនសំដៅលើទស្សនៈ និងការយល់ឃើញរបស់មនុស្ស ឬស្ថាប័នណាមួយ ដរាបណាវាមានមូលដ្ឋាន និងហេតុផលត្រឹមត្រូវ។
ទោះជាបែបនេះក្តី ក្រុមសិទ្ធិមនុស្ស ថ្កោលទោសចំពោះសំណើច្បាប់នេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស អះអាងថា សេរីភាពនៃការបញ្ចេញមតិ ក៏រាប់បញ្ចូលសេរីភាពនៃទស្សនៈផងដែរ។ លោកថា រដ្ឋាភិបាលសិង្ហបុរី ពុំមានរបាយការណ៍សូវល្អឡើយពាក់ព័ន្ធនឹងការគោរពសិទ្ធិទាំងពីរនេះ៕
