ស្ថាបនិកវិបសៃត៍វីគីលិក Wikileaks លោក ជូលៀន អាសាញ់ជ៍ Julian Assange ត្រូវបានប៉ូលិសអង់គ្លេស ចូលចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍ទី ១១ មេសា ២០១៩ នៅក្នុងស្ថានទូតអេក្វាទ័រ ដែលលោកធ្លាប់ជ្រកកោននយោបាយតាំងពីឆ្នាំ២០១២មក។ គឺស្ថានទូតអេក្វាទ័រជាអ្នកហៅប៉ូលិសអង់គ្លេសមកចាប់។ ស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលិស លោក អាសាញ់ជ៍ នឹងត្រូវបញ្ជូនទៅឱ្យតុលាការWestminster Magistrates Court ជំនុំជម្រះ ក្នុងពេលឆាប់ៗនេះ។
រូបភាពនៃការចាប់ខ្លួន ត្រូវបានផ្សព្វផ្សាយដោយកាសែត The Guardian ឃើញរូបលោក អាសាញ់ជ៍ ជនជាតិអូស្រា្តលី អាយុ៤៧ ឆ្នាំ សក់សសិតទៅចងទៅក្រោយ ពុកមាត់វែងសស្គុះ ក្រាញមិនឱ្យប៉ូលិសចាប់រុញបញ្ចូលឡាន។
ការចាប់ខ្លួននេះ ជាលទ្ធផលនៃការចរចារវាងអាជ្ញាធរអង់គ្លេសនិងអេក្វាទ័រ អស់ជាច្រើនខែ និងក្នុងខណៈដែលទំនាក់ទំនងរវាងស្ថាបនិកវីគីលិក និងអេក្វាទ័រធ្លាក់ចុះដុបដាបខ្លាំង។ ប្រធានាធិបតីអេក្វាទ័របានសម្រេចដកសិទ្ធិជាជនភៀសខ្លួននយោបាយ ដោយបន្ទោសលោកអាសាញ់ជ៍ថាបានរំលោភច្បាប់ជ្រកកោននយោបាយ និងល្មើសលក្ខខណ្ឌនៃស្នាក់នៅ ដូចជាខ្ទប់កាមេរ៉ាសុវត្ថិភាព បំពារបំពានឆ្មាំស្ថានទូត និងលួចមើលឯកសារ ដោយគ្មានការអនុញ្ញាត។ ស្ថាបនិករូបនេះ ក៏ទំនងជាបានទម្លាយព័ត៌មានស្តីអំពីជីវិតឯកជនរបស់ប្រធានាធិបតីអេក្វាទ័រទៀត។
សម្រាប់ប៉ូលិសអង់គ្លេស ការចាប់ខ្លួនលោក អាសាញ់ជ៍ ធ្វើឡើងដោយផ្អែកលើដីកា របស់តុលាការក្រុងឡុងដ៍ សម្រេចកាលពីខែមិថុនា ឆ្នាំ២០១២ ពីបទមិនគោរពលក្ខខណ្ឌនៃការផ្តល់សេរីភាពបណ្តោះអាសន្ន និងស្របតាមសំណើរបស់សហរដ្ឋអាមេរិក។ អាមេរិកបានបញ្ជាក់ភ្លាមនៅថ្ងៃព្រហស្បតិ៍នេះ ថាសកម្មជនអ៊ីនធ័រនែត អាសាញ់ជ៍ ត្រូវរងការចោទប្រកាន់ពីបទ វាយប្រហារអ៊ីនធ័រនែត និងអាចទទួលទោសជាប់ពន្ធនាគារយ៉ាងច្រើនបំផុត៥ឆ្នាំ។
សូមបញ្ជាក់ថា ស្ថាបនិកវីគីលិក ជូលៀន អាសាញ់ជ៍ បានភៀសខ្លួនទៅជ្រកកោននៅក្នុងស្ថានទូតអេក្វាទ័រ តាំងពីឆ្នាំ២០១២ ដើម្បីគេចពីការធ្វើបត្យាប័នទៅស៊ុយអែតពីបទចោទប្រកាន់រំលោភ បំពានផ្លូវភេទស្ត្រីម្នាក់។ គ្រាន់តែឮដំណឹងពីការចាប់ខ្លួនភ្លាម ស្ត្រីដែលចោទលោកអាសាញ់ជ៍ បានទាមទារ ឱ្យតុលាការនៅស៊ុយអែតបើកសំណុំរឿងវិញ។
ការចាប់ខ្លួនស្ថាបនិកវីគីលិក នៅក្នុងស្ថានទូតអេក្វាទ័រ បានទទួលរងការរិះគន់យ៉ាងខ្លាំង។ សម្រាប់អតីតប្រធានាធិបតីអេក្វាទ័រចាស់ ប្រធានាធិបតីកំពុងកាន់តំណែងប្រកាន់ជំហរ ក្បត់ ដោយបណ្តោយឱ្យប៉ូលិសបរទេសចូលចាប់ពលរដ្ឋក្នុងទឹកដីខ្លួន។ ចំណែកសកម្មជនអ៊ីនធ័រនែតអេវ៉ាតស្នូដិន ដែលកំពុងនិរទេសខ្លួននៅរុស្ស៊ីវិញ យល់ថា ការចាប់ខ្លួនលោកអាសាញ់ជ៍ ជាថ្ងៃខ្មៅងងឹតសម្រាប់សេរីភាពសារព័ត៌មាន។ វីគីលិក ថាជាការរំលោភច្បាប់អន្តរជាតិ។ ប៉ុន្តែ គ្មាននរណាអាចនៅពីលើច្បាប់បានឡើយ ! នេះជាការបញ្ជាក់របស់ប៉ូលិសអង់គ្លេសដែលសន្យាមិនធ្វើបត្យាប័នលោក ជូលៀន អាសាញ់ជ៍ទៅកាន់ប្រទេសមានអនុវត្តទោសប្រហារជីវិតទេ៕
