កូរ៉េខាងត្បូងរត់លឿនជាងគេ ខាងផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ ! ចាប់ពីថ្ងៃសុក្រទី ៥មេសានេះទៅ កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលមានប្រព័ន្ធអ៊ីនធ័រនែត និងទូរស័ព្ទចល័តជំនាន់ទី៥ (5G) ប្រើពេញផ្ទៃប្រទេស។ ទូរស័ព្ទSamsung Galaxy S10 នឹងចាប់ដំណើរការសេវា5G មុនគេ ហើយទូរស័ព្ទLG មានបំពាក់ប្រព័ន្ធ5G នឹងចាប់ធ្វើចរាចរណ៍នៅពីរសប្តាហ៍ក្រោយ។
មានប្រព័ន្ធចល័ត ជំនាន់ទី៥ ទីក្រុងឆ្លាត រថយន្តស្វ័យប្រវត្តិ មធ្យោបាយធ្វើដំណើរ សន្តិសុខប្រចាំថ្ងៃ សូម្បីតែសុខភាពក៏មានភ្ជាប់បណ្តាញ … អ្វីៗក៏ឆ្លាត អ្វីៗក៏មានភ្ជាប់អ៊ីនធ័រនែត មិនថាទីណា ឬម៉ោងណាទេ។ នេះជាកម្មវត្ថុរបស់ក្រុមហ៊ុនទូរគមនាគមន៍ និងរដ្ឋាភិបាលកូរ៉េខាងត្បូង។ សម្រាប់សេអ៊ូល ប្រព័ន្ធអ៊ីនធ័រនែតជំនាន់ទី ៥ ថាជាអាទិភាពចំបងនៃផ្តល់សន្ទុះដល់សេដ្ឋកិច្ចជាតិ។ បើតាមអង្គការ Global System for Mobile communication ប្រព័ន្ធ5G នឹងអាចផ្តល់ផលចំណេញដល់សេដ្ឋកិច្ចពិភពលោក ប្រមាណ ៥៦៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣៤។
ជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មីនេះ អ៊ីនធ័រនែតនឹងមានល្បឿនខ្លាំងជាជំនាន់ទី៤ 4G ដល់ទៅ២០ដង ដោយអាចទាញយកភាពយន្តមួយរឿងបានក្នុងមិនដល់មួយវិនាទី ជាឧទាហរណ៍ និងអាចភ្ជាប់ទូរស័ព្ទ កុំព្យូទ័រ ម៉ាស៊ីនប្រើអ៊ីនធ័រនែត ក្នុងពេលជាមួយម្តងបាន១លានគ្រឿង ក្នុងរង្វង់មួយគីឡូម៉ែត្រការ៉េ។
ជាប្រទេសមហាទំនើប ប្រជាពលរដ្ឋទូទាំងប្រទេសមានប្រព័ន្ធអ៊ីនធ័រនែតជំនាន់ទី៥ ប្រើដំបូងគេបំផុត កូរ៉េខាងត្បូងបានប្រគល់ទំនួលខុសត្រូវឱ្យក្រុមហ៊ុនទូរគមនាគមន៍ជាតិចំនួនបី គឺ KT SK Telecom និង LG Uplus ចែកចាយនិងបង្អួតស្នាដៃផ្នែកបច្ចេកវិទ្យាអ៊ីនធ័រនែត៥G។ ក្រុមហ៊ុន បានបញ្ជាក់ជាស្រេចថានឹងមិនប្រើបច្ចេកវិទ្យារបស់Huaweiទេ។ ប៉ុន្តែក្រុមហ៊ុនចិននេះជាអ្នកផ្គត់ផ្គង់បណ្តាញLG Uplus។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុនទូរគមនាគមន៍កូរ៉េខាងត្បូង។
សូមបញ្ជាក់ថាគឺបច្ចេកវិទ្យា5G នេះហើយដែលជាសមរភូមិសង្គ្រាមរវាងចិននិងអាមេរិក។ វ៉ាស៊ីនតោនបានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់ កុំប្រើបច្ចេកវិទ្យា5Gរបស់Huawei ដោយចោទថាក្រុមហ៊ុនចិននេះជាភ្នាក់ងារចារកិច្ចរបស់រដ្ឋាភិបាលប៉េកាំង នៅក្នុងបស្ចឹមលោក។
Huawei និងក្រុមហ៊ុនទូរគមនាគមន៍ចិន តំណាងឱ្យមួយភាគបីនៃទីផ្សារ5G របស់ពិភពលោក។ កូរ៉េខាងត្បូង ស្ថិតក្នុងលំដាប់ទីពីរ។ ចំណែកអាមេរិកវិញ ស្ថិតនៅលំដាប់ក្រោយឆ្ងាយណាស់ ក្រោយទាំងក្រុមហ៊ុនNokia របស់ក្រុមហ៊ុនហ្វាំងឡង់ទៅទៀត។
គ្មានប្រទេសណាមួយនៅលើពិភពលោកផ្តល់បណ្តាញ៥G ថ្នាក់ជាតិទេ គិតមកទល់នឹងពេលនេះ។ អាមេរិកមានប្រើខ្លះជាការដកពិសោធន៍។ កាតាមានប្រព័ន្ធអ៊ីនធ័រនែត៥Gនៅក្រុងដូហាដែរ តែពុំទាន់អាចប្រើលើទូរស័ព្ទចល័តបានទេ។ ជប៉ុនគ្រោងនឹងមានប្រព័ន្ធអ៊ីនធ័រនែតជំនាន់ទី៥ ដែរនៅឆ្នាំនេះ និងក្នុងកំរិតថ្នាក់ជាតិ ចាប់ពីឆ្នាំ២០២០ទៅ៕
