អ៊ីស្រាអែលស្ទើរតែទទួលជោគជ័យជាលើកដំបូងទៅហើយ ក្នុងការបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះចន្ទ។ យានអវកាសមានឈ្មោះថាBeresheet បានជួបបញ្ហាគ្រឿងម៉ាស៊ីននៅពេលចុះចត ធ្វើឲ្យវាធ្លាក់លើឋានព្រះចន្ទកាលពីថ្ងៃព្រហស្បតិ៍។ គោលបំណងនៃការបញ្ជូនយានអវកាសទៅឋានព្រះចន្ទរបស់អ៊ីស្រាអែល ដើម្បីផ្ដិតយករូបភាពនិងធ្វើពិសោធន៍នៅទីនោះផងដែរ។ អ៊ីស្រាអែលសង្ឃឹមនឹងក្លាយជាប្រទេសទីបួន ដែលអាចចុះចតនៅឋានព្រះចន្ទបានបន្ទាប់ពីរុស្ស៊ី អាមេរិក និងប្រទេសចិន តែបែរជាត្រូវបរាជ័យទៅវិញ។ យ៉ាងណាមិញនេះអាចចាត់ទុកជាជោគជ័យមួយដែរ ព្រោះយានអវកាសអ៊ីស្រាអែលក៏បានទៅដល់ឋានព្រះចន្ទ គ្រាន់តែមិនបានចុះចតដោយជោគជ័យប៉ុណ្ណោះ។
សូមបញ្ជាក់ថា យានអវកាសBeresheetបង្កើតឡើងដោយអង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល SpaceIL សហការជាមួយក្រុមហ៊ុនរដ្ឋអ៊ីស្រាអែល Israel Aerospace Industries។ គម្រោងនេះបានចំណាយប្រាក់ចំនួន១០០លានដុល្លារអាមេរិក ដែលក្នុងនោះSpaceILចេញរហូតដល់៤០លានដុល្លារ។ សល់ប៉ុន្មានទៀតជាការរួមវិភាគទានរបស់បណ្ដាវិស័យឯកជននិងរដ្ឋជាច្រើនទៀត។ Beresheetត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកក្កែតFalcon 9 កាលពីថ្ងៃទី២២កុម្ភៈចេញពីមជ្ឈមណ្ឌលCape Canaveral រដ្ឋFloridaសហរដ្ឋអាមេរិក៕
