ការ Deactivate Account ឬបញ្ឈប់ដំណើរការគណនីនៅលើ Facebook អាចបញ្ចប់ត្រឹមការមិនឲ្យអ្នកប្រើប្រាស់ដទៃមើលឃើញព័ត៌មានរបស់អ្នកនៅលើបណ្តាញសង្គមនោះ ប៉ុន្តែក្រុមហ៊ុននៅតែអាចលួចប្រមូលទិន្នន័យនិងតាមដានសកម្មភាពរបស់អ្នកបានដូចមុនដដែល។ នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិនិងស្ថាបនិក DuckDuckGo លោក Gabriel Weinberg ។
តាមពិតទៅ Facebook អាចឃ្លាំមើលសកម្មភាពរបស់អ្នកនៅលើ Online បានយ៉ាងងាយ ថ្វីត្បិតបើអ្នកបាន Log Out គណនីនោះចេញពីទូរសព្ទហើយក៏ដោយ ដោយប្រើប្រាស់ Facebook Pixel និង Plugins នៃប៊ូតុង Share ដែលមានលើ Web pages នៃគេហទំព័រជាង ២៧៥ លានទំព័រកំពុងដំណើរការបច្ចុប្បន្ន។
វាបានប្រមូលទិន្នន័យដើម្បីអនុញ្ញាតឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអាចតម្រង់ចំគោលដៅអតិថិជនចង់បាន ជាមូលហេតុដែលអ្នកតែងតែឆ្ងល់ថាហេតុអ្វីអំឡុងពេលអ្នកធ្លាប់បើកមើលរបស់អ្វីមួយនៅលើគេហទំព័រឬការទិញទំនិញ Online ហើយរបស់នោះរមែងលោតចូលក្នុង Timeline នៃគណនីរបស់អ្នក។
បែបនេះហើយអ្នកជំនាញក៏បានណែនាំឲ្យអ្នកប្រើប្រាស់គួរណាធ្វើការ Delete គណនីនោះចេញពីបណ្តាញសង្គមចោលតែម្តង ដោយអ្នកមានពេល ៣០ ថ្ងៃសម្រាប់ធ្វើការផ្លាស់ប្តូរចិត្ត ប៉ុន្តែក៏ត្រូវចាំថាក្នុងអំឡុងពេលដដែលនោះ Facebook ក៏នៅតែអាចតាមប្រមូលទិន្នន័យរបស់អ្នកបានដូចគ្នាផងដែរ។
ឆ្លើយតបបញ្ហាខាងលើលោក Weinberg បានទទូចថា៖ “ក្រុមហ៊ុន Facebook ក៏គួរតែព្យាយាមកំណត់ឲ្យចំគោលដៅនូវអ្វីដែលអតិថិជនរំពងទុក ពោលគឺគួរតែដោះស្រាយបញ្ហានេះ តាមរយៈការបញ្ឈប់រាល់ការប្រមូលទិន្នន័យព័ត៌មានទាំងអំបាលម៉ាន ក្រោយជនណាម្នាក់បានធ្វើការ Deactivate Account របស់ពួកគេ”។
