ក្រុមហ៊ុន Google ទើបនឹងបានចាប់ផ្ដើមលុបកម្មវិធី Android ដែលមានប្រជាប្រិយភាពមួយចំនួន ចេញបាត់ពី Play Store បន្ទាប់ពីក្រុមសារពត៌មាន BuzzFeed News បានរកឃើញគ្រោងការណ៍ ក្លែងបន្លំផ្សព្វផ្សាយ Ads ជាលក្ខណៈទ្រង់ទ្រាយធំ ដោយអ្នកអភិវឌ្ឍន៍ កម្មវិធីទាំងអស់នេះ កំពុងតែកេងប្រវ័ញ្ច រកប្រាក់ពីអ្នកប្រើប្រាស់ ដោយទាំងមិនដឹងខ្លួនសោះឡើយ។ ចំណែកឯកម្មវិធីចំនួន 6 ក្នុងចំណាមកម្មវិធីទាំងអស់នោះ គឺត្រូវបានគេពិនិត្យរកឃើញថា សុទ្ធតែបង្កើតឡើងដោយក្រុមហ៊ុន DU Group មកពីប្រទេសចិន ដោយក្នុងនោះរួមមាន កម្មវិធីសម្រាប់ថត Selfie មួយដែលទទួលបាន អ្នកទាញយកដល់ទៅ 50 លានដងឯណោះ។
របាយការណ៍ថ្មីៗទាំងអស់នេះ គឺបន្ទាប់ពីត្រូវបាន ក្រុមអ្នកស្រាវជ្រាវផ្នែកខាង ក្លែងបន្លំពាណិជ្ជកម្ម (Ad Fraud) ពីក្រុមហ៊ុន Check Point រកឃើញថាកូដមួយចំនួន នៅក្នុងកម្មវិធីទាំងអស់នោះ បានបណ្តាលឲ្យចុចទៅលើ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដោយអ្នក ប្រើប្រាស់ផ្ទាល់ មិនដឹងខ្លួនឡើយ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ក៏មិនចាំបាច់ តម្រូវឲ្យបើកកម្មវិធីទាំងនោះទេ ក៏ផ្ទាំងពាណិជ្ជកម្មនានា អាចលោតចេញមក ដោយស្វ័យប្រវត្តិតែម្ដង ដូច្ចេះវាបណ្ដាលឲ្យ ស្មាតហ្វូនរបស់លោកអ្នក អស់ថ្មកាន់តែលឿន និងប្រើប្រាស់អ៊ីនធឺណិតថែមទៀត។
ប្រសិនបើប្រិយមិត្តអ្នកអាន ចង់កុំឲ្យមានការលួចបន្លំ ចុចលើការផ្សាយពាណិជ្ជកម្ម ដោយមិនដឹងខ្លួន ហេតុដូច្នេះហើយ អ្នកទាំងអស់គ្នា ត្រូវតែជៀសរាងកម្មវិធី ទាំងឡាយណា ដែលបានបង្កើតឡើងដោយ ក្រុមហ៊ុនចិន DU Group ដោយរួមមានដូចជា Omni Cleaner, RAM Master, Smart Cooler, Total Cleaner, AIO Flashlight និងកម្មវិធីជំនួយលើការថត Selfie មួយចំនួនទៀត។ នាពេលបច្ចុប្បន្ននេះ យើងក៏មិនទាន់ប្រាកដច្បាស់ថា កម្មវិធីទាំងអស់នេះ អាចនឹងកំពុងតែធ្វើការ ប្រមូលទិន្នន័យពី អ្នកប្រើប្រាស់ ទូទាំងពិភពលោក ហើយក៏អាចបញ្ជូនវា ទៅកាន់ប្រទេសចិនវិញ ឬមួយក៏អត់នោះទេ។
សរុបមក ក្រុមសារពត៌មាន BuzzFeed News បានរកឃើញនូវបញ្ហាដ៏ធំនេះ ជាមួយនឹងក្រុមហ៊ុន DU Group បន្ទាប់ពីបានពិនិត្យមើល លើកម្មវិធីដែលមានប្រជាប្រិយភាព ដល់ទៅចំនួន 5000 កម្មវិធីនៅលើ Google Play Store ឯណោះ។ ពិតប្រាកដណាស់ ទោះបីជាក្រុមហ៊ុន DU Group មានត្រឹមកម្មវិធីចំនួន 6 តែប៉ុណ្ណោះ ដែលមានផ្ទុកនូវការក្លែងបន្លំ ចុចលើផ្ទាំងពាណិជ្ជកម្ម ដោយស្វ័យប្រវត្តិ (Ad Fraud) ដោយឡែកនៅមានកម្មវិធី Android ជាច្រើនទៀត កំពុងតែស្ថិតក្នុង ការស្រាវជ្រាវនៅឡើយទេ។
