ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៧ ខែមេសានេះ បានឲ្យដឹងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងភ្នាក់ងារសន្តិសុខ ប្រទេសឥណ្ឌា បានព្រមានអំពីការវាយប្រហារ ភេវរកម្ម នៅក្នុងរដ្ឋភាគខាងត្បូង ចំនួន៨ ដូចជាTamil Nadu, Karnataka, Puducherry, Kerala, Maharashtra, Andhra Pradesh, Telangana និង Goa ។
ប្រភពដដែលបានសរសេរទៀតថា ការប្រកាសអាសន្ន ពីការវាយប្រហារ ដោយភេរវកម្មនេះ ត្រូវបានធ្វើឡើង នៅក្រោយហេតុការណ៍ ការបំផ្ទុះគ្រាប់បែក ជាច្រើនដង កាលពីថ្ងៃអាទិត្យ នៅប្រទេសស្រីលង្កា ដែលបានសម្លាប់មនុស្ស រហូតទៅដល់២៥៣ នាក់និងធ្វើឱ្យ របួសរាប់រយនាក់ ។
យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថាប៉ូលិសនៅរដ្ឋ Karnataka បានប្រកាសអាសន្ន ភេរវកម្ម បន្ទាប់ពីអ្នកបើកបរក្នុងស្រុកម្នាក់ បានបញ្ជូនព័ត៌មាន ស៊ើបអង្កេត អំពីវត្តមាននៃភេរវករចំនួន១៩នាក់ ស្ថិតនៅភាគខាងត្បូង ប្រទេសឥណ្ឌា ដែលគ្រោងនឹងធ្វើការវាយប្រហារ ភេរវកម្មនៅក្នុងរដ្ឋទាំងនោះ។
