អាជ្ញាធរនៃប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹង កាលពីថ្ងៃពុធម្សិលមិញនេះថា រោងចក្រថាមពលនុយក្លេអ៊ែ ចំនួន៥កន្លែង អាចនឹងត្រូវបិទ ប្រសិនបើរោងចក្រ ទាំងនោះមិនដំឡើង នូវប្រព័ន្ធសុវត្ថិភាព ប្រឆាំងអំពើភេរវកម្ម ទៅតាមកាលកំណត់ទេនោះ ។
ក្រុមហ៊ុន ដែលប្រតិបត្តិការរោងចក្រ នៅប្រទេសជប៉ុន ភាគខាងលិច និងភាគនិរតីទាំងនោះ បានស្នើសុំឲ្យធ្វើការពន្យាពេល កាលផុតកំណត់ ស្របពេលដែលពួកគេ ព្យាយាមអនុវត្តបទបញ្ជា ដើម្បីធ្វើឲ្យរោងចក្រ ថាមពលនុយក្លេអ៊ែ មិនងាយទទួលរងគ្រោះ ពីអំពើភេរវកម្ម ។
ប៉ុន្តែលោក Toyoshi Fuketa ជាប្រធានអាជ្ញាធរ គ្រប់គ្រងនុយក្លេអ៊ែ បាននិយាយថា គ្មានភាពចាំបាច់ ត្រូវពន្យាពេល កាលផុតកំណត់នោះទេ ព្រោះមិនមាន គ្រោះមហន្តរាយធម្មជាតិ ដែលធ្វើឲ្យរាំងស្ទះ ប្រតិបត្តិកររោងចក្រ មិនឲ្យធ្វើការងារ បានសម្រេចនោះ៕
