រដ្ឋាភិបាលក្រុងហាណូយ បានចេញសេចក្តីសម្រេចថ្មីមួយដោយហាមនាំចូលផលិតផលម៉ាស៊ីន និងសម្ភារបម្រើក្នុងវិស័យបច្ចេកវិទ្យាមួយទឹក ដែលមានអាយុកាលវែង។ ច្បាប់ថ្មីនេះ មានបំណងដើម្បីធានាពីគុណភាពរបស់ទំនិញ ឬផលិតផល និងជាពិសេសនោះការបំពុលនៅក្នុងប្រទេស។
ចាប់ពីថ្ងៃ១៥ មិថុនា ឆ្នាំ២០១៩ តទៅ ម៉ាស៊ីន និងផលិតផលសម្រាប់បម្រើការក្នុងវិស័យបច្ចេកវិទ្យាមួយទឹកដែលមានអាយុកាលចាប់ពី១០ឆ្នាំឡើងទៅ នឹងមិនត្រូវបានអនុញ្ញាតឲ្យនាំចូលវៀតណាមទៀតឡើយ។ នេះបើយោងតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋាភិបាលវៀតណាម ដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃ២៤ មេសា។
តាមរយៈសេចក្តីសម្រេចថ្មីនេះ វៀតណាម មិនហាមឃាត់ចំពោះការនាំចូលម៉ាស៊ីន, សម្ភារ និងផលិតផលពាក់ព័ន្ធបច្ចេកវិទ្យា ដែលបម្រើផលិតកម្មនៅក្នុងប្រទេសវៀតណាមដោយផ្ទាល់នោះទេ។ ក៏ប៉ុន្តែរាល់ការនាំចូល តម្រូវឲ្យឆ្លងកាត់ការវាយតម្លៃស្តង់ដារបច្ចេកទេសជាតិវៀតណាម ឬស្តង់របស់ក្រុមប្រទេស G7 និងកូរ៉េខាងត្បូង ដើម្បីធានាពីសុវត្ថិភាព ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន។
លក្ខខណ្ឌ ឬស្តង់ដារគោល ដែលបានកំណត់ក្នុងច្បាប់ថ្មីនេះ ក៏តម្រូវឲ្យផលិតផលមួយទឹកដែលត្រូវនាំចូលនោះ ត្រូវតែមានកម្លាំង ឬសមត្ថភាពយ៉ាងហោចណាស់ ៨៥ ភាគរយ នៃផលិតផលដើម។
តាមសារព័ត៌មានវៀតណាមដដែលនោះ គោលបំណងចម្បងនៃច្បាប់ថ្មីនេះ គឺដើម្បីបញ្ឈប់ការនាំចូលផលិតម៉ាស៊ីនពាក់ព័ន្ធវិស័យបច្ចេកវិទ្យាមួយទឹក ដែលហួសសម័យ, គុណភាពអន់, គ្មានសុវត្ថិភាព និងមានលក្ខណៈបំពុលបរិស្ថានខ្លាំង កុំឲ្យមានប្រើប្រាស់នៅក្នុងប្រទេសវៀតណាម។
អ្វីដែលគួរឲ្យកត់សម្គាល់ផងនោះ បទបញ្ជាហាមឃាត់ការនាំចូលផលិតផលមួយទឹករបស់វៀតណាម ធ្វើឡើងស្របពេល រដ្ឋអាស៊ានដែលមានសេដ្ឋកិច្ចកំពុងងើបមួយនេះ ទទួលបាននូវការវិនិយោគបរទេសដោយផ្ទាល់ជាច្រើនក្នុងរយៈពេលចុងក្រោយនេះពីបណ្តាក្រុមហ៊ុនធំៗ លើវិស័យបច្ចេកវិទ្យាតែម្តង៕
