កាលពីសប្តាហ៍មុនកម្មវិធីកម្សាន្ត TikTok ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាសម្រេចផ្អាកឲ្យលែងដំណើរការនៅលើ Store បន្ទាប់ពីរកឃើញថាមានចែកចាយមាតិកាមិនសមរម្យ សម្របទៅនឹងការរិចរិលនៃវប្បធម៌ ប៉ុន្តែមកទល់ពេលនេះក៏ប្រកាសដាក់ឲ្យដំណើរការជាធម្មតាវិញហើយ។ នេះបើយោងតាមរបាយការណ៍ពី Reuters និង CNN Business បានចុះផ្សាយ។
TikTok ដែលមានអ្នកប្រើប្រាស់ប្រចាំខែខ្ទង់ ១២០ លាននាក់ក្នុងប្រទេសឥណ្ឌាត្រូវបានផ្អាកមិនឲ្យស្វែងរកឃើញនៅលើ App Store និង Google Play Store។ ក្នុងដំណាក់កាលនោះក្រុមហ៊ុនមេ ByteDance ដែលជាអ្នកបង្កើតកម្មវិធីកម្សាន្តនេះឡើង បង្ហើបថាមានការខាតបង់ចំណូលខ្ទង់ ៥០០ ០០០ ដុល្លារ ក្នុងមួយថ្ងៃៗអំឡុងពេលហាមប្រាមនេះ។
តាមសេចក្តីថ្លែងការណ៍ចេញពីអ្នកនាំពាក្យរបស់ TikTok បានសាទរចំពោះការសម្រេចលើកលែងនេះថា៖ “យើងពិតជារីករាយចំពោះការសម្រេចនេះ ហើយយើងជឿជាក់វាក៏ត្រូវបានសាទរខ្លាំងផងដែរពីបណ្តុំអ្នកប្រើប្រាស់ TikTok របស់យើងនៅប្រទេសឥណ្ឌា ដោយយើងក៏នឹងមានអំណរគុណជុំវិញឱកាសដើម្បីបន្តបម្រើដល់អ្នកប្រើឲ្យកាន់តែមានភាពល្អប្រសើរឡើង”។
បញ្ជាក់ថាសព្វថ្ងៃឥណ្ឌានិងសហរដ្ឋអាមេរិក ជាតំបន់តែពីរគត់ដែលត្រូវបាន TikTok កំណត់ឲ្យអ្នកប្រើប្រាស់អាចចូលដំណើរការបាន លុះត្រាពួកគេមានអាយុយ៉ាងតិចបំផុត ១៣ ឆ្នាំ។ ក្រៅពីល្បីល្បាញនៅតំបន់អាស៊ី កម្មវិធីកម្សាន្តចែកចាយវីដេអូខ្នាតខ្លីនេះក៏លេចធ្លោខ្លាំងទាំងនៅចក្រភពអង់គ្លេស រុស្ស៊ី ម៉ិកស៊ីកូ និងប៉ាគីស្ថានជាដើម៕
