រដ្ឋាភិបាលប្រទេសស្រីលង្កាបានសម្រេចផ្អាកឲ្យលែងដំណើរការកម្មវិធីបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។
មនុស្សរាប់រយនាក់ត្រូវបានបាត់បង់ជីវិត និងជាច្រើនរយនាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនៅព្រះវិហារ Roman Catholic និងសណ្ឋាគារធំៗប៉ុន្មានកន្លែង។ រដ្ឋមន្រ្តីក្រសួងការពារជាតិ Ruwan Wijewardene បានសង្កត់ធ្ងន់ថាការបំផ្ទុះនេះបង្កឡើងដោយក្រុមជ្រុលនិយមសាសនា។
ដើម្បីបញ្ចៀសការចែកចាយព័ត៌មានមិនពិតទាក់ទិននឹងការវាយប្រហារដ៏ធ្ងន់ធ្ងរខាងលើ រដ្ឋាភិបាលស្រីលង្កាក៏សម្រេចផ្អាកលែងឲ្យដំណើរការកម្មវិធីបណ្តាញសង្គមធំៗ។ នេះបើយោងតាមការការបញ្ជាក់របស់រដ្ឋលេខាធិការលោក Udaya Seneviratne ប្រាប់ទៅ The New York Times ។
តាមការឆ្លើយតបពីពលរដ្ឋប្រចាំតំបន់ សម្រាប់ WhatsApp និង Facebook មិនអាចប្រើប្រាស់បាននោះទេ ពោលគឺអ្នកប្រើប្រាស់អាចភ្ជាប់ការទាក់ទងគ្នាតែតាមរយៈ SMS ឬ Twitter តែប៉ុណ្ណោះ៕
