និយាយពីបច្ចេកវិទ្យា AI ដែលប្រតិបត្តិការដោយមនុស្សយន្ត សព្វថ្ងៃកំពុងឆក់យកតំណែងការងាររបស់មនុស្សជាច្រើន រហូតដល់ការសិក្សារបស់ IDC (International Data Corporation) និងដៃគូរអង្គការស្រាវជ្រាប្រមាណ ១០០០ កន្លែងជុំវិញពិភពលោក បង្ហាញថា ការងារមនុស្ស ៨២៣ ៧៣៤ កន្លែងនឹងត្រូវបាត់បង់ នឹងជំនួសដោយបច្ចេកវិទ្យា AI នាឆ្នាំ ២០២១។
ប្រភពខាងលើបន្តទៀតថា ”មុខតំណែងខ្លះ នឹងត្រូវបានគេដកចោល ហើយខ្លះទៀតត្រូវបានបង្កើតជាថ្មី ឫធ្វើឲ្យប្រសើរឡើង” ។ បន្ថែមពីនោះ វាអាចកើនបន្តបន្ទាប់ដល់ ២ លានតំណែង។ ចំណូលនៃបច្ចេកវិទ្យា AI ដែលមានការចូលរួមជាមួយក្រុមហ៊ុន CRM នឹងមានការកើនឡើងដល់ ១,១ ពាន់ពាន់លានដុល្លារចាប់ពីដើមឆ្នាំ ២០១៧ ដល់ចុងឆ្នាំ ២០២១។
រំលឹកកាលពីឆ្នាំ ២០១៥ របាយការណ៍របស់ McKinsey បានចុះផ្សាយថា ការងារ ៤៥ ភាគរយនឹងជំនួសដោយបច្ចេកវិទ្យា។ ទន្ទឹមពេលនោះប្រធានសេដ្ឋកិច្ចវិទូនៃធនាគារអង់គ្លេសលោក Andy Haldane បានថ្លែងបញ្ជាក់ថា ការងារប្រមាណ ៨០ លានតំណែងក្នុងទឹកដីអាមេរិក និង ១៥ លានតំណែងក្នុងទឹកដីចក្រភពអង់គ្លេសអាចនឹងត្រូវជំនួសដោយមនុស្សយន្ត។
យ៉ាងណាមិញ បុគ្គលល្បីឈ្មោះរួមមាន CEO ក្រុមហ៊ុន Tesla លោក Elon Musk និងលោក Bill Gates បានចេញសារព្រមានជុំវិញរឿងរ៉ាវមនុស្សយន្តជំនួសតំណែងមនុស្ស ហើយជំរុញឲ្យមានការយកពន្ធពីមនុស្សយន្តដូចទៅនឹងមនុស្សធម្មតានាពេលបច្ចុប្បន្នដែរ៕
