ក្រុមហ៊ុន Google បានធ្វើការដកសិទ្ធក្រុមអ្នកអភិវឌ្ឍ (Developer) ដ៏ល្បីល្បាញរបស់ចិនឲ្យឈ្មោះ DO Global ចេញពី Play Store ក្រោយភ្នាក់ងារស្រាវជ្រាវ BuzzFeed រកឃើញថាបណ្ដា App ដែលផលិតដោយក្រុមខាងលើល្មើសលើការលួចបន្លំនិងបំពានសិទ្ធអ្នកប្រើប្រាស់។
DO Global ត្រូវបានស្គាល់ជាផ្នែកមួយដែលស្ថិតក្រោមការដឹកនាំដោយក្រុមហ៊ុនយក្សចិន Baidu រកឃើញថាមានផលិតផ្សាយនូវផ្ទាំងពាណិជ្ជកម្មក្លែងក្លាយដើម្បីបង្ខំឲ្យអ្នកប្រើ Click ចូល ក្នុងគោលដៅបង្កើនចំណូលឆាប់រហ័សបំផុត។
ក្នុងសេចក្តីថ្លែងការណ៍របស់ Google បានបញ្ជាក់ថា៖ “យើងបានមានទំនួលខុសត្រូវដើម្បីការពារអ្នកប្រើប្រាស់និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងការវិនិយោគលើធនធានណាដើម្បីប្រឆាំងនឹងការក្លែងបន្លំក៏ដូចជាការរំលោភបំពានទូទាំងសកលលោក ដោយយើងបានធ្វើការយ៉ាងសកម្មក្នុងការដកសិទ្ធរបស់ក្រុមអ្នកអភិវឌ្ឍ (Developer) ដែលរកឃើញថាមានប្រើប្រាស់នូវ AdMob ឬ Publish on Play ជាគោលដៅផ្សព្វផ្សាយកម្មវិធីរបស់ពួកគេ”។
បញ្ជាក់ថាក្នុងនោះមាន ៦ កម្មវិធី-ហ្គេម ដែលស្វែងរកឃើញដោយភ្នាក់ងារខាងលើថាមានបញ្ចូលកូដនៃ Ad-Clicking ក្លែងក្លាយ ពោលគឺវានៅតែដំណើរការជាធម្មតា ត្បិតអ្នកប្រើបានបិទចេញពីកម្មវិធីក៏ដោយ។ DO Global កន្លងមកមានចេញផ្សាយ App ប្រមាណ ១០០ នៅលើ PlayStore ប៉ុន្តែក្នុងចំណោមនោះភាគច្រើនមានប្រើឈ្មោះ “Pic Tools Group” តាំងនាមឲ្យ Developer ហើយមានប្រមាណ ៤៦ ត្រូវបានបិទចោលទាំងស្រុងហើយ។ នេះបើតាមរបាយការណ៍លម្អិតពី Buzzfeed។
នេះពុំមែនជាលើកទីមួយទេ ដែល Google អនុវត្តលើវិធានការដ៏ក្តៅគគុកបែបនេះ ដោយកាលពីខែមករាកន្លងទៅក្រុមហ៊ុនក៏បានលុបចោលហ្គេមចំនួន ៦០ ចេញពី Play Store ដូចគ្នា បន្ទាប់ពី Check Point រកឃើញថាមានលួចបញ្ចូលនូវកូដមិនល្អដែលបង្ហាញផ្ទាំងពាណិជ្ជកម្មអាសអាភាស ជាមួយគោលដៅកំណត់ទៅលើអ្នកប្រើប្រាស់ដែលជាកុមារ។
