ប្រព័ន្ធសង្គមហ្វេសប៊ុក បានសម្រេចលុបចេញទាំងស្រុង នូវគណនីរបស់ជនដ៏មានឥទ្ធិពលចំនួន៦នាក់ ដែលជាប់ចោទនិងល្បីខាងញុះញង់ឱ្យមានអំពើរើងអើង-ប្រកាន់ ពូជសាសន៍ និងទង្វើឃុបឃិតគ្នា មានជាអាទិ៍ មេដឹកនាំអង្គការ “Nation of Islam” និង Alex Jones ស្ថាបនិកវិបសៃត៍ “Infowars”។ រងការរិះគន់ជាបន្តបន្ទាប់ថាមិនបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងទង្វើជ្រុលនិយម ប្រព័ន្ធសង្គមបានធានាអះអាងជាថ្មីថា ហ្វេសប៊ុកហាមឃាត់ជានិច្ចមិនឱ្យបុគ្គល ឬអង្គការណាផ្សព្វផ្សាយអំពើហិង្សា និងការស្អប់ខ្ពើមគ្នាលើប្រព័ន្ធរបស់ខ្លួនទេ មិនថាដើម្បីមនោគមវិជ្ជាឬដើម្បីទ្រឹស្តីអ្វីទេ។
បើតាមហ្វេសប៊ុក គណនីរបស់ឥស្សរជនទាំង៦នេះ ស្ថិតនៅក្នុងចង្កោម “បុគ្គលនិងអង្គការដ៏គ្រោះថ្នាក់” ! ហេតុដូច្នេះហើយបានជាហ្វេសប៊ុកសម្រេចលុបឈ្មោះគណនី និងខ្លឹមសារ ព្រមទាំងទំព័រផ្លូវការ ក្រៅផ្លូវការមានពាក់ព័ន្ធនឹងបុគ្គលខាងលើ ចោលទាំងស្រុងតែម្តង។ បើលុបចេញពីហ្វេសប៊ុកហើយ គណនីអ្នកទាំង៦ក៏ត្រូវលុបចេញពីប្រព័ន្ធសង្គមInstagram ទៀត។
នៅក្នុងចំណោមឥស្សរជនទាំង៦នោះ មានម្នាក់គឺរូបលោក អាឡិច ចូន (Alex Jones) ដែលទំនងជាបុគ្គលដ៏ល្បីល្បាញខ្លាំង និងដ៏មានឥទ្ធិពលខ្លាំងម្នាក់នៅសហរដ្ឋអាមេរិក។ ជាតំណាងអ្នកស្តាំនិយមជ្រុលអាមេរិក លោក អាឡិច ចូនជាមនុស្សជំនិតរបស់ Roger Stone ដែលជាអតីតទីប្រឹក្សារបស់លោកដូណាល់ ត្រាំ។ លោកធ្លាប់បានបង្ហោះសារដ៏អាស្រូវបន្ទោសជនរងគ្រោះនៅក្នុងការបាញ់រះនៅParkland ជាតួសម្តែងរបស់ក្រុមអ្នកប្រឆាំងនឹងច្បាប់ប្រើអាវុធនៅអាមេរិក។ សារនេះបានជំរុញឱ្យប្រព័ន្ធទ្វីតទ័រ អេផល និងយូធូប លុបឈ្មោះគណនីលោក និងវិបសៃត៍ តាំងពីឆ្នាំ ២០១៨មក។ ឯហ្វេសប៊ុកបញ្ចេញប្រតិកម្មយ៉ាងយឺតយ៉ាវ។
ឥស្សរជនដ៏មានឥទ្ធិពលម្នាក់ទៀត ដែលត្រូវលុបចេញពីហ្វេសប៊ុកដែរ គឺលោក Louis Farrakhanអាយុ៨៥ឆ្នាំ ជាប្រមុខដឹកនាំអង្គការ ពីហេតុបានបង្ហោះវីដេអូហិង្សាប្រឆាំងពូជសាសន៍ជ្វីហ្វ។ ការលុបនេះត្រូវបានអ្នកចម្រៀងរ៉ាប់ Snoop Dogg បង្ហោះសារជេរហ្វេសប៊ុក នៅក្នុងInstagram។
អ្នកនយោបាយបក្សសាធារណរដ្ឋអាមេរិក Paul Nehlen និងអ្នកនយោបាយបក្សអភិរក្សនិយមជ្រុលការពារជនស្បែកស ជាតិអង់គ្លេស Milo Yiannopoulos ព្រមទាំងក្មេងជាតិអង់គ្លេស Paul Joseph Watson ដែលនិយមរៀបចំវីដេអូបែបស្តាំនិយមជ្រុល ក៏ត្រូវបានលុបចេញពីហ្វេសប៊ុក។ ជនទី៦ គឺLaura Loomer ជាតិអាមេរិកដែលចូលចិត្តបង្ហោះសារញុះញង់ ប្រឆាំងនឹងអ៊ីស្លាម៕