ជាងមួយខែក្រោយការដួលរលំនៃរដ្ឋស្វ័យប្រកាសកាលីហ្វា ជនឈ្មោះអាប៊ូ បាក អាល់បាក់ដាឌី Abou Bakr Al-Baghdadi ដែលជាមេដឹកនាំអង្គការរដ្ឋអ៊ីស្លាម បានបង្ហាញមុខតាមរយៈខ្សែអាត់វីដេអូ ផ្សព្វផ្សាយតាមប្រព័ន្ធឃោសនារបស់ខ្លួន នៅថ្ងៃទី ២៩មេសា ២០១៩ ម្សិលមិញ។ ជារូបភាពវីដេអូលើកទីមួយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ សហរដ្ឋអាមេរិក កំពុងធ្វើការផ្ទៀងផ្ទាត់សុពលភាពនៃឯកសារនេះ។
មិនដែលចេញមុខតាំងពី៥ឆ្នាំមក និងធ្លាប់ត្រូវបានគេចាត់ទុកថាស្លាប់ជាច្រើនលើកច្រើនសាមកហើយ អាប៊ូ បា អាល់បាក់ដាឌី បានចេញមុខជាថ្មី ដោយលើកនេះ ក្នុងទម្រង់ឆាកឈុត ថតអង្គុយពែនភ្នែន ផ្អែកជញ្ជាំង ដាក់កំាំភ្លើងអាកានៅក្បែរខ្លួន ដូចរូបភាពរបស់មេកើយចលនាអាល់កៃដា អូសាម៉ា បិនឡាដិន យ៉ាងដូច្នេះ។
នៅក្នុងខ្សែវីដេអូ រយៈពេល១៨នាទី ដែលគ្មានបញ្ជាក់ពីទីកន្លែង និងថ្ងៃខែថត ជនជាមេដឹកនាំអង្គការរដ្ឋអ៊ីស្លាមអាប៊ូ បាក អាល់ បាក់ដាឌី លើកឡើងអំពីភេរវកម្មនៅ ស្រីលង្កា កាលពីថ្ងៃអាទិត្យទី២១មេសា បាននិយាយអំពីការចុះចេញពីអំណាចរបស់ប្រធានាធិបតីអាល់ហ្សេរី ឬពីលោក អូម៉ារ អែល-បាស្ហៀរ នៅស៊ូដង់ ព្រមទាំងរំលឹកពីស្នាដៃរបស់ពលទាហាននៅជំរំចុងក្រោយនៅភាគខាងកើតស៊ីរីដែលទើបត្រូវបានកម្ចាត់។ តាមរយៈខ្លឹមសារនេះគេអាចកាត់យល់ថា ជាវីដេអូទើបនឹងថត និងជាសារបញ្ជាក់ថាពួកគេចាញ់ តែអង្គការរដ្ឋអ៊ីស្លាម មិនស្លាប់ទេ។
បើតាមមជ្ឈមណ្ឌលអាមេរិកទទួលបន្ទុកតាមដានចលនាអ៊ីស្លាមជ្រុលនិយម ជនក្នុងវីដេអូនេះ ពិតជាប្រមុខដឹកនាំចលនាជីហាតអង្គការរដ្ឋអ៊ីស្លាមមែន។ ចំណែកសម្ព័ន្ធអន្តរជាតិដឹកនាំដោយវ៉ាស៊ីនតោន កំពុងផ្ទៀងផ្ទាត់សុពលភាពនៃខ្សែវីដេអូ។
សូមបញ្ជាក់ថា មេដឹកនាំអង្គការរដ្ឋអ៊ីស្លាម អាយុ៤៧ឆ្នាំនេះ ធ្លាប់បានបង្ហាញមុខ តែម្តងគត់ កាលពីឆ្នាំ២០១៤ ជាសាធារណៈ និងជាខ្សែវីដេអូ នៅក្រុងមូស៊ូល ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងពេលស្វ័យប្រកាសបង្កើតរដ្ឋកាលីហ្វា និង ធ្លាប់បានបង្ហោះសារសំឡេង ជាលើកចុងក្រោយបំផុតកាលពីខែសីហា ២០១៨។
បើតាមអ្នកជំនាញផ្នែកអង្គការរដ្ឋអ៊ីស្លាម អាប៊ូ បាកអាល់បាក់ដាឌី ដែលពិភពលោកតាមស្វែងរកចាប់បំផុត រស់លាក់ខ្លួនក្រោមដី ក្នុងវាលខ្សាច់ប្រទេសស៊ីរី។ ប៉ុន្តែកងកម្លាំងសម្ព័ន្ធអារ៉ាបគួដឌីស្ថានស៊ិរី ដែលជាអ្នកវាយកម្ចាត់ពួកអង្គការរដ្ឋអ៊ីស្លាមក្នុងតំបន់ដោយផ្ទាល់នោះ បានអះអាងកាលពីខែមីនាកន្លងទៅ ថាគ្មានដានព័ត៌មានទាក់ទងនឹងវត្តមានបាក់ដាឌីនៅស៊ីរីសោះ។ សហរដ្ឋអាមេរិក នឹងផ្តល់រង្វាន់២៥លានដុល្លារដល់ជនណាដែលចាប់មេកើយអង្គការរដ្ឋអ៊ីស្លាមនេះបាន៕
