យន្តហោះប៊ូអ៊ីង 737 MAX របស់អាមេរិក ត្រូវបានហាមឃាត់មិនឲ្យហោះហើរនៅទូទាំងពិភពលោក ក្រោយហេតុការណ៍ធ្លាក់យន្តហោះនៅអេត្យូពី ដែលបានសម្លាប់ជីវិតមនុស្សចំនួន ១៥៧ នាក់ កាលពីដើមខែមីនា ឆ្នាំ២០១៩ នេះ។ ក៏ប៉ុន្តែ បើតាមប្រភពដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP តាមពិតទៅ យន្តហោះប៊ូអ៊ីង737 MAX បានប្រឈមនឹងការហាមឃាត់មិនឲ្យមានជើងហោះហើរ តាំងតែពីឆ្នាំទៅមិញមកម្ល៉េះ ក្រោយគ្រោះធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី ដោយសារបញ្ហាប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលមានបំពាក់នៅលើយន្តហោះប្រភេទេនេះ។
បើតាមក្រុមអ្នកជំនាញអាមេរិក គេបានសង្ស័យថាប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលបានបំពាក់នៅលើយន្តហោះប្រភេទប៊ូអ៊ីង 737 MAX គឺជាមូលហេតុនៅពីក្រោយការធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី និងអេត្យូពី។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនប៊ូអ៊ីង ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះត្រូវបានឡើង ដើម្បីជួយទប់លំនឹងនៃយន្តហោះកុំឲ្យធ្លាក់។
ទាក់ទងរឿងនេះដែរ បើតាមប្រភពដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីឆ្នាំទៅមិញ ក្រោយពីហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ីភ្លាម ក្រុមអ្នកស៊ើបអង្កេតរបស់ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានរកឃើញថា ក្រុមហ៊ុនប៊ូអ៊ីងបានដកលែងឲ្យមានប្រព័ន្ធសញ្ញា ដើម្បីជាជំនួយដល់អ្នកបើកបរ ក្នុងពេលភាពមិនប្រក្រតីនៃបច្ចេកវិទ្យាថ្មីនេះកើតមានឡើង។
បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី ដែលបាននាំយកជីវិតមនុស្សចំនួន ១៨៩ នាក់ នាខែតុលា ឆ្នាំ ២០១៨ នោះដែរ ក្រុមហ៊ុនប៊ូអ៊ីង បានឲ្យដឹងថា ប្រព័ន្ធសញ្ញាត្រូវបានដកលែងឲ្យដំណើរការ លុះត្រាណាតែក្នុងករណីបង់លុយបន្ថែម ទើបប្រព័ន្ធសញ្ញាមួយនេះអាចបើកឲ្យដំណើរការបាន។ ក្រុមអ្នកជំនាញរកឃើញថា ក្រុមហ៊ុនប៊ូអ៊ីង បានសម្រេចលុបចោលប្រព័ន្ធសញ្ញាជំនួយ នៅលើយន្តហោះ737 MAX ដោយមិនបានប្រាប់ព័ត៌មានលម្អិតទៅកាន់អតិថិជនរបស់ខ្លួន ហើយនេះជាមូលហេតុដែលគេសង្ស័យថាធ្វើឲ្យយន្តហោះធ្លាក់។
គួរជម្រាបជូនថា ក្រោយសោកនាដកម្មធ្លាក់យន្តហោះប្រភេទប៊ូអ៊ីង 737 MAX ចំនួនពីរដងក្នុងចន្លោះពេលប្រមាណតែ ៤ ខែ ប្រទេសនានាជាច្រើននៅទូទាំងពិភពលោកបូករួមទាំងអាមេរិកខ្លួនឯងផង បានសម្រេចហាមមិនឲ្យយន្តហោះប្រភេទនេះហោះហើរទៀតឡើយ។ នេះ ជាហេតុផលដែលធ្វើឲ្យក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោករបស់អាមេរិកមួយនេះ រងផលប៉ះពាល់ជាខ្លាំង។ ជាក់ស្តែង រហូតមកទល់នឹងពេលនេះក្រុមហ៊ុនប៊ូអ៊ីងបានបាត់បង់តម្លៃទឹកប្រាក់រហូតដល់ចំនួន ១ ០០០ លានដុល្លារសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននឹងបន្តខាតបង់ថវិកាកាន់តែច្រើនសន្ធឹកសន្ធាប់ ដោយសារក្រុមហ៊ុនត្រូវផ្តល់ប្រាក់សំណង ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើន និងលែងទទួលបានការបញ្ជាទិញទៀតជាដើម៕
