លោក ជូលៀន អាសាញ់ជ៍ (Julian Assange) ស្ថាបនិកវីគីលិក ដែលចាប់មានឈ្មោះល្បីលើពិភពលោក នៅឆ្នាំ២០១០ បន្ទាប់ពីបានផ្សពផ្សាយឯកសារជាង៧០ម៉ឺនឯកសារ ស្តីពីសកម្មភាពយោធា និងការទូតអាមេរិក ត្រូវមានទោសជាប់ពន្ធនាគារ ៥០សប្តាហ៍ ពីបទមិនគោរពលក្ខខណ្ឌនៃការផ្តល់សេរីភាពបណ្តោះអាសន្ន កាលពីឆ្នាំ២០១២។ នេះជាសេចក្តីសម្រេចរបស់តុលាការក្រុងឡុងដ៍ នៅថ្ងៃពុធទី ១ ឧសភា ឆ្នាំ២០១៩។
កាលពីឆ្នាំ២០១២ តុលាការក្រុងឡុងដ៍ Southwark បានផ្តល់សេរីភាពបណ្តោះអាសន្ន ឱ្យជូលៀន អាសាញ់ជ៍ ដែលជាប់អង្កេតពីបទរំលោភបំពានផ្លូវភេទលើស្ត្រីជនជាតិស៊ុយអែត ប៉ុន្តែជនជាតិអូស្ត្រាលីអាយុ៤៧ឆ្នាំរូបនេះ បែររត់គេចទៅសំងំជ្រកកោននៅក្នុងស្ថានទូតអេក្វាទ័រប្រចាំទីក្រុងឡុងដ៍ គេចពីតុលាការអង់គ្លេស និងគេចពីការធ្វើបត្យាប័នទៅស៊ុយអែត។ ៧ឆ្នាំក្រោយ ពោលគឺនៅថ្ងៃទី ១១មេសា ២០១៩ អាជ្ញាធរអេក្វាទ័របានហៅប៉ូលិសអង់គ្លេសមកចាប់ដល់ស្ថានទូត។
ដូចរាល់លើក និងនៅថ្ងៃពុធនេះ លោក ជូលៀន អាសាញ់ជ៍ បានបញ្ជាក់ហេតុផលតែមួយ ដដែល ៖ រត់គេចពីតុលាការដោយខ្លាចអង់គ្លេសធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ដែលចោទលោកពីបទឧក្រិដ្ឋអ៊ីនធ័រនែត។ នៅក្នុងលិខិតដែលមេធាវីអាននៅចំពោះមុខចៅក្រម លោក អាសាញ់ជ៍បានថ្លែងសុំទោស និងសម្តែងការសោកស្តាយចំពោះរឿងហេតុដែលកើតឡើង តែពេលនោះលោកគិតថាជាជម្រើសតែមួយគត់។ មេធាវីរបស់លោកអាសាញ់ជ៍ថែមទាំងបានបញ្ជាក់ថាកូនក្តីខ្លួនមានស្ថានភាពផ្សេងនិងខុសប្លែកពីប្រក្រតី។
ប៉ុន្តែសម្រាប់តុលាការអង់គ្លេស ការរត់ទៅលាក់ខ្លួននៅស្ថានទូត មានន័យថាជនជាប់ចោទចង់ប្រើអភ័យឯកសិទ្ធិដើម្បីស្ថិតនៅច្បាប់ មិនគោរពលក្ខខណ្ឌនៃសេរីភាពបណ្តោះអាសន្ន។ ហេតុដូច្នេះហើយបានជាតុលាការសម្រេច ដាក់ទោសស្ថាបនិកវីគីលិក ធ្ងន់បំផុតមានចែងក្នុងច្បាប់ គឺត្រូវជាប់ពន្ធនាគារ ៥០សប្តាហ៍។
តុលាការWestminster អង់គ្លេសក៏នឹងចាប់ផ្តើមសិក្សាសំណើសុំធ្វើបត្យាប័នរូបស្ថាបនិកវីគីលិក ជូលៀន អាសាញ់ជ៍របស់អង់គ្លេសចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។ មេធាវីរបស់លោកជូលៀន អាសាញ់ជ៍ គ្រោងនឹងធ្វើតវ៉ាប្រឆាំងនឹងសំណើធ្វើបត្យាប័នរបស់អាមេរិក ក្រោមហេតុផលថា ការចាប់ខ្លួនសា្ថបនិកវីគីលិក ជាតំណាងគ្រោះថ្នាក់សម្រាប់ប្រព័ន្ធសារព័ត៌មាននិងអ្នកកាសែតនៅលើពិភពលោក។ ប៉ុន្តែបើតាមមេធាវី ជំនាញផ្នែកបត្យាប័ន ការតវ៉ារបស់លោក ជូលៀន អាសាញ់ជ៍ មានសំណាងឈ្នះតិចណាស់ ហើយអាចប្រើពេលអស់យ៉ាងយូរត្រឹមពី ១៨ខែទៅពីរឆ្នាំ៕
