អេហ្ស៊ីបនឹងដាក់ឲ្យប្រើប្រាស់បណ្តាញទូរស័ព្ទ ទំនើប ជំនាន់ទី ៥ (5G) របស់ក្រុមហ៊ុនចិនHuawei នៅក្នុងការប្រកួតបាល់ទាត់អាហ្វ្រិក ឆ្នាំ ២០១៩ ដែលត្រូវប្រព្រឹត្តទៅ ពីថ្ងៃទី ២១មិថុនា ដល់ថ្ងៃទី ១៩កក្កដាខាងមុខនេះ។ នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីទូរសាគមនាគមន៍ និងព័ត៌មាន បច្ចេកវិទ្យា អេហ្ស៊ីប នៅក្រោយមានជំនួប រវាងអ្នកតំណាងក្រុមហ៊ុនHuawei ហើយ និងនាយករដ្ឋមន្រ្តីអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ នៅទីក្រុងគែរ។
ក្រុមហ៊ុនចិន Huawei នឹងប្រើប្រាស់ជាលើកទី១ បច្ចេកវិទ្យាអ៊ីនធ័រនែតចល័តជំនាន់ទី៥ “5G” នៅប្រទេសអេហ្ស៊ីប នៅក្នុងឱកាសដែលប្រទេសមួយនេះត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំការប្រកួតបាល់ទាត់អាហ្វ្រិក នៅរដូវក្តៅខាងមុខ។
ការសម្រេចយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួប នៅទីក្រុងគែរ រវាងនាយករដ្ឋមន្រ្តីអេហ្ស៊ីប និងអ្នកតំណាងក្រុមហ៊ុនចិន Huawei នៅថ្ងៃអាទិត្យម្សិលមិញ។ តាមរដ្ឋមន្រ្តីក្រសួងទូរសាគមនាគមន៍អេហ្ស៊ីប ដែលបានចូលរួម នៅក្នុងជំនួបជាមួយក្រុមហ៊ុន Huawei អេហ្ស៊ីប សង្ឃឹមសហការចាប់ ដៃគូជាមួយ ក្រុមហ៊ុន Huaweiក្នុងផ្នែកប្រាជ្ញាសិប្បនិម្មិត ការផ្ទេរបច្ចេកវិទ្យា ហើយនិងប្រព័ន្ធ5G។
ក្រុមហ៊ុន Huawei ជាក្រុមហ៊ុន ដែលមានជំនាញខាងបច្ចេកវិទ្យាទូរស័ព្ទដៃចល័ត ហើយនិងជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោកខាងបច្ចេកវិទ្យាដំឡើងហេដ្ឋារចនាសម្ព័ន្ធចែកចាយបណ្តាញ 5G។ បច្ចេកវិទ្យាអ៊ីនធ័រនែតចល័តជំនាន់ទី៥ “5G” របស់ក្រុមហ៊ុន Huawei មានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច ជាពិសេសក្នុងផ្នែកថាមពល ដឹកជញ្ជូន ធនាគារ ហើយនិងវិស័យសុខាភិបាល។
យ៉ាងណាក៏ដោយ ប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក ហើយនិងសម្ព័ន្ធមិត្តនៅអឺរ៉ុបមួយចំនួនបានហាមមិនឲ្យក្រុមហ៊ុន Huawei ចូលទៅមានសិទ្ធិដំឡើងហេដ្ឋារចនាសម្ប័ន្ធ ចែកចាយបណ្តាញ 5G នៅក្នុងទឹកដីរបស់ខ្លួន ដោយសារបារម្ភខ្លាចថា Huawei នឹងអាចចូលទៅលួចយកការណ៍សម្ងាត់ឲ្យក្រសួងការពារជាតិចិន។
តាមការចុះផ្សាយរបស់កាសែតអង់គ្លេស The Times កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិក CIA បានបញ្ជាក់ថា ក្រុមហ៊ុនចិន Huawei បានទទួលហិរញ្ញវត្ថុពីកងទ័ពចិន ពីគណៈកម្មការសន្តិសុខជាតិ ហើយនិងពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន។
កន្លងមក អាមេរិកចោទប្រកាន់ក្រុមហ៊ុន Huawei ថា ជាឧបករណ៍របស់រដ្ឋាភិបាលចិន ដើម្បីលួចយកការណ៍សម្ងាត់ពីបរទេស និងបានដាក់សម្ពាធលើប្រទេសសម្ព័ន្ធអឺរ៉ុប ដើម្បី កុំឲ្យប្រើប្រាស់ប្រព័ន្ធ5Gរបស់Huawei។
តាមកាសែតThe Times ដដែល នៅដើមឆ្នាំនេះ អាមេរិកធ្លាប់បានព្រមានពីគ្រោះថ្នាក់របស់ក្រុមហ៊ុន Huawei ដល់បណ្តាញ ភ្នែក ៥ Five Eyes ឬប្រទេសសម្ព័ន្ធស៊ើបការណ៍សម្ងាត់ ដែលមាន អាមេរិក អង់គ្លេស កាណាដា អូស្រ្តាលី និងនូវែលហ្សេឡង់ បន្ទាប់ពីអង់គ្លេស ដែលជាសមាជិកមួយរបស់បណ្តាញភ្នែក ៥ កំពុងត្រៀមខ្លួនចង់បានប្រព័ន្ធ5Gរបស់Huawei។
នៅថ្ងៃអាទិត្យ ក្រុមហ៊ុន Huawei តាមរយៈអ្នកតំណាងរបស់ខ្លួន បានទាត់ចោលសាជាថ្មីការចោទប្រកាន់ និងថាក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ដែលគ្មានមូលដ្ឋានគ្រឹះនោះទេ៕