“ប្រទេសតូច ក្តីសុបិន្តធំអស្ចារ្យ” Small Country Big dream នេះជាឃ្លាដែលគេឃើញនៅក្នុងរូបថត ដែលក្រុមហ៊ុនអវកាសអ៊ីស្រាអែល Space IL បានថតផ្តិតបាន នៅពេល យានអវកាសអ៊ីស្រាអែលកំពុងត្រៀមចុះចត នៅលើឋានព្រះចន្ទ កាលពីថ្ងៃព្រហស្បតិ៍ទី ១១មេសា។ ការប៉ុនប៉ង ចុះចតរបស់យានអវកាសអ៊ីស្រាអែល បានជួបបរាជ័យ និងផ្ទុះធ្លាក់ នៅលើឋានព្រះចន្ទ ដោយសារតែម៉ាស៊ីនរបស់យានអវកាសខូចមិនដំណើរការ។
បញ្ជូនយានអវកាសឲ្យទៅចុះចតនៅលើឋានព្រះចន្ទ គឺជាមោទនភាពជាតិមួយរបស់អ៊ីស្រាអែល ដែលសង្ឃឹមចង់ក្លាយជាប្រទេសទី ៤ បន្ទាប់ពីអាមេរិក រុស្ស៊ី និងចិន ដែលមានសមត្ថភាពបញ្ជូនយានឲ្យទៅចុះចត នៅលើឋានព្រះចន្ទ។ មួយវិញទៀត នេះជាលើកទី ១ក្នុងប្រវត្តិសាស្រ្តបច្ចេកវិទ្យាអវកាស ដែល បេសកកម្ម បញ្ជូនយានអវកាសទៅឋានព្រះចន្ទ ធ្វើឡើងដោយក្រុមហ៊ុនឯកជន។
ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍ យានអវកាស Bereshit មិនបានទៅចុះចតនៅលើឋានព្រះចន្ទនោះទេ។ មហាសេដ្ឋីអ៊ីស្រាអែល លោក Morris Kahn ដែលជាម្ចាស់ក្រុមហ៊ុនSpaceILដែលចំណាយលុយ៤០លានដុល្លារ (ក្នុងចំណោមតម្លៃសរុប ១០០លានដុល្លារ) សម្រាប់បេសកកម្មបញ្ជូនយានអវកាសបានអះអាងថា គេមិនបានសម្រេចនោះទេ។ ម៉ាស៊ីនដែលមាននាទីទៅបន្ថយល្បឿន ដើម្បីឲ្យយានអវកាសអាចចុះចត បានខូចមិនដំណើរការ និងធ្វើឲ្យគេបាត់សញ្ញារបស់យានអវកាស។
បាញ់បង្ហោះចេញពីមូលដ្ឋានអវកាសអាមេរិកនៅរដ្ឋFlorida ដោយមានជំនួយពីរ៉ុកកែត របស់ក្រុមហ៊ុនSpaceX របស់លោកElon Musk កាលពីថ្ងៃ ទី ២២ កុម្ផៈ យានអវកាសអ៊ីស្រាអែល មានទិសដៅ ទៅស្ទង់ដែនម៉ាញេទិករបស់ភពព្រះចន្ទ។ នៅក្នុងយានអវកាស អ៊ីស្រាអែល បានដាក់បញ្ជូនទៅដែរ នូវ ថាសចំរៀង រូបគំនូរបស់កុមារ សៀវភៅធម៌ រូបភាពដែលជានិមិត្តរូបរបស់អ៊ីស្រាអែល ហើយនិងវត្ថុអនុស្សាវរីយ៍របស់អ្នកដែលរួចរស់ពីការកាប់សម្លាប់ទៅលើជនជាតិជ្វីហ្វ។
នៅថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី អ៊ីស្រាអែល បិនចាមីន នេតាន់យ៉ាហ៊ូ ដែលចូលរួមតាមដានការបាញ់បង្ហោះយានអវកាស Bereshit បានចាត់ទុកបេសកកម្មបញ្ជូនយានអវកាសលើកនេះថា ជាការបោះជំហានមួយដ៏ធំរបស់អ៊ីស្រាអែល។ លោកបានលើកទឹកចិត្តម្ចាស់ក្រុមហ៊ុនSpaceILឲ្យសាកល្បងសាជាថ្មី និងអះអាងបន្ថែមថា នៅក្រោយគម្រោងនេះ រដ្ឋាភិបាលអ៊ីស្រាអែល នឹងគិតគូរវិនិយោគទៅលើការបង្កើតកម្មវិធីអវកាសជាតិអ៊ីស្រាអែលមួយ។
នៅ៥០ឆ្នាំក្រោយ មនុស្សដាក់ជើងជាន់ដីព្រះចន្ទ ព្រះចន្ទបានក្លាយជាទិសដៅ កំពុងពេញនិយម របស់មនុស្សលោកសព្វថ្ងៃ។ នៅខែមករាចិនបានជោគជ័យ ក្នុងការបញ្ជូនយានអវកាស ទៅសិក្សា ផ្នែកមួយទៀតនៃឋានព្រះចន្ទ ដែលគេមិនធ្លាប់ដឹងកន្លងមក។ ឥណ្ឌាវិញ ដែលទើបបាញ់សាកល្បងមីស៊ីលកម្ទេចផ្កាយរណប មានគម្រោង ចង់បញ្ជូនគ្រឿងយន្តទៅឋានព្រះចន្ទ ចំណែកជប៉ុនគ្រោងនឹងបញ្ជូនយានអវកាសតូចមួយ នៅឆ្នាំ ២០២០ ឬ២០២១ ដើម្បីទៅសិក្សាពីតំបន់មានភ្នំភ្លើង នៅឋានព្រះចន្ទ។ នៅអាមេរិកវិញ វិស័យអវកាសឯកជនកំពុងរីកដុះដាលដូចផ្សិត ដោយនឹងចាប់ដៃសហការជាមួយទីភ្នាក់ងារណាសា របស់អាមេរិក ចាប់ពីឆ្នាំ ២០២០។ ទីភ្នាក់ងារណាសា បានចាប់ផ្តើមរួចហើយដែរ គម្រោងបង្កើតស្ថានីយ៍អវកាសនៅលើគន្លងវិថីរបស់ព្រះចន្ទ នៅឆ្នាំ ២០២៦ ដើម្បីរៀបចំសាជាថ្មី ការវិលត្រលប់របស់មនុស្សទៅជាន់ដីព្រះចន្ទ នៅអំឡុងឆ្នាំ ២០២៨។ ព្រះចន្ទ ត្រូវបានអ្នកវិទ្យាសាស្រ្តប្រើជាកន្លែងសាកល្បងចុះចត នៅមុនពេលយានអវកាសដឹកនាំ មនុស្សអាចទៅចុះចត នៅភពអង្គារ៕
