ប្រទេសចិនកំពុងសាងសង់នាវាផ្ទុកយន្តហោះចម្បាំងថ្មីមួយទៀត។ នេះបើតាមរូបភាពផ្កាយរណប ដែលទីភ្នាក់ងារព័ត៌មានអង់គ្លេស Reutersបានទទួលពី វិទ្យាស្ថានដើម្បីយុទ្ធសាស្រ្ត និងការសិក្សាអន្តរជាតិ កាលពីថ្ងៃអង្គារម្សិលមិញ។ រូបភាពផ្កាយរណបរបស់វិទ្យាសា្ថនអាមេរិកាំង បានបង្ហាញថា នាវាផ្ទុកយន្តហោះចម្បាំងថ្មី ដែលចិនកំពុងសាងសង់នៅការដ្ឋានជើងទឹកក្បែរទីក្រុងសៀងហៃ មានទំហំ ប៉ុនតារាងបាល់ទាត់ និងធំជាងនាវាផ្ទុកយន្តហោះចម្បាំងរបស់បារាំងទៅទៀត។
រូបភាពផ្កាយរណប ដែលវិទ្យាសា្ថនអាមេរិកាំង CSIS ថតបាន កាលពីខែមេសា កន្លងទៅបានបង្ហាញពីសកម្មភាពដ៏មមាញឹកជុំវិញសំណង់នាវាដ៏ធំមួយ នៅការដ្ឋានជើងទឹក Jiangnan នៅរយៈពេល៦ខែចុងក្រោយនេះ។ រូបភាពផ្កាយរណបរបស់វិទ្យាស្ថានអាមេរិកធ្វើឲ្យគេជឿថា ប្រទេសចិនកំពុងសាងសង់នាវាផ្ទុកយន្តហោះចម្បាំងថ្មី ដែលនឹងមានទំហំធំជាង នាវាផ្ទុកយន្តហោះចម្បាំង ទាំងពីរមុនរបស់ចិន។
ក្រសួងការពារជាតិចិនមិនបានឆ្លើយបញ្ជាក់ព័ត៌មាននេះ ទៅតាមការសុំរបស់ទីភ្នាក់ងារReuters នោះទេ។ ប្រទេសចិនផ្ទាល់ក៏មិនដែលបង្ហាញថា ខ្លួនកំពុងសាងសង់នាវាផ្ទុកយន្តហោះចម្បាំងទី៣នោះដែរ។ មួយវិញទៀត នៅប្រទេសចិន ព័ត៌មានទាក់ទងនឹងកម្មវិធីសាងសង់នាវាចម្បាំង ត្រូវបានចាត់ចូលជាកិច្ចការសម្ងាត់របស់កងទ័ព។
គ្រប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសលោកខាងលិច និងប្រទេសនៅ អាស៊ី ដែលកំពុងពើបប្រទះនឹងនយោបាយវាតទីនិយម របស់កងទ័ពជើងទឹកចិន បានតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីបានព័ត៌មានលម្អិតទាក់ទងអនាគត នាវាផ្ទុកយន្តហោះចម្បាំងចិន ដែលស្តែងឲ្យឃើញពីការពង្រឹងសមត្ថភាពរបស់កងទ័ពចិន នៅក្នុងមហាសមុទ្រ។
រហូតមកដល់ពេលនេះ ចិនមាននាវាផ្ទុកយន្តហោះចម្បាំងពីរ ដែលមួយគ្រឿងជានាវាផ្ទុកយន្តហោះចាស់ ទិញពីប្រទេសអ៊ុយក្រែន នៅឆ្នាំ ១៩៩៨ ដែលចិនយកមកកែលម្អថ្មីឡើងវិញ ហើយនិងមួយគ្រឿងទៀត ជានាវាផ្ទុកយន្តហោះចម្បាំងថ្មីស្រឡាង ដែលចិនសាងសង់ដោយខ្លួនឯង ដោយយកគំរូពីនាវាអ៊ុយក្រែន និងដែលកំពុងដាក់សាកល្បងឲ្យដំណើរការនៅឡើយ។ នាវាផ្ទុកយន្តហោះចម្បាំងទាំងពីរមុនរបស់ចិន គឺអាចផ្ទុកយន្តហោះចម្បាំងបានតែ ២៥គ្រឿងប៉ុណ្ណោះ ក្នុងនាវានីមួយៗ ចំណែក ប្រព័ន្ធប៉ោលវាត់បញ្ជូនយន្តហោះទៀតសោតក៏មានសមត្ថភាព មានកំណត់ មិនអាចប្រើសម្រាប់យន្តហោះគ្រប់ប្រភេទឡើយ។ គេវាយតម្លៃថា នាវាផ្ទុកយន្តហោះ ថ្មី ទី៣របស់ចិន នឹងមានទំហំធំជាងនាវាពីរមុន និងធំជាងនាវាផ្ទុកយន្តហោះចម្បាំងបារាំង Charles De Gaulle ដែលមានទម្ងន់ ជាង ៤ម៉ឺនតោន (៤២ ៥០០តោន) ប៉ុន្តែ នៅតែតូច មិនអាចប្រជែងជាមួយ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកាំង Mastodonnes ដែលមានទម្ងន់ដល់ទៅ១សែនតោន។
នាវាផ្ទុកយន្តហោះចម្បាំងថ្មី ទី៣ ដែលចិនបង្កើត សាងសង់ដោយខ្លួនឯង ជាផ្នែកមួយនៃនយោបាយធ្វើទំនើបកម្មកងទ័ព របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង។ វាកើតមានឡើងនៅចំពេលដែលចិនកំពុងតែមិនពេញចិត្ត និងប្រឆាំងកាន់តែខ្លាំងនឹងវត្តមាននាវាចម្បាំងរបស់ប្រទេសលោកខាងលិច នាំមុខដោយអាមេរិក នៅសមុទ្រចិនខាងត្បូង។
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិនធ្លាប់បានចុះផ្សាយថា ទីក្រុងប៉េកាំងមានគម្រោងចង់បំពាក់ នាវាផ្ទុកយន្តហោះចម្បាំង ចំនួន៦គ្រឿង ឲ្យកងទ័ពជើងទឹករបស់ខ្លួន នៅពេល អាមេរិកមាននាវាប្រភេទនេះដល់ទៅ ១០គ្រឿងឯណោះ៕
