កញ្ញា Le Thi Thu Thuy ដែលជាអនុប្រធានសម្ព័ន្ធ Vingroup បានឲ្យដឹងថាបន្ថែមពីលើត្រកូលស្មាតហ្វូន VSmart សម្ព័ន្ធដ៏ធំរបស់វៀតណាមមួយនេះ កំពុងសហការជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិកជាដៃគូ ក្នុងការផលិតស្មាតហ្វូន 5G។
អនុប្រធានខាងលើបានឲ្យដឹងទៀត សម្ព័ន្ធក៏មានគម្រោងថានឹងបញ្ចេញលក់ Tablet និងកំពុងស្រាវជ្រាវលើការផលិតម៉ាស៊ីនត្រជាក់, ទូរទស្សន៍, ទូទឹកកក, ឧបករណ៍ IoT, កាមេរ៉ាផងដែរ។ កញ្ញាបន្ថែមថា Vingroup បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របនឹងការផ្លាស់ប្ដូរនៃបច្ចេកវិទ្យា តាមរយៈការសាងសង់ក្រុមហ៊ុនផលិតយានយន្ត Vinfast និងក្រុមហ៊ុនផលិតស្មាតហ្វូន Vinsmart ជាដើម។
គួរដឹងថាក្រុមហ៊ុន Vinfast បានបញ្ចេញរថយន្ត និងម៉ូតូដំបូងរបស់ខ្លួនជាច្រើនម៉ូដែលមកហើយ ដោយនៅចុងឆ្នាំ ២០២០ រំពឹងថាបង្ហាញរថយន្ត និងម៉ូតូ ១០ ម៉ូដែលបន្ថែមទៀតលើទីផ្សារ។ ចំពោះផ្នែកស្មាតហ្វូនវិញ ក្រុមហ៊ុន Vinsmart រំពឹងនឹងបញ្ចេញឧបករណ៍ស៊េរីថ្មីចំនួន ១២ ម៉ូដែលផងដែរនៅឆ្នាំ ២០១៩។
បច្ចុប្បន្ននេះ Vinsmart កំពុងរៀបចំសាងសង់រោងចក្រផលិតទូរសព្ទ ដែលមានសមត្ថភាពផលិត ១០០ លានគ្រឿងក្នុងមួយឆ្នាំ ហើយដំណាក់កាលដំបូងនឹងសាកល្បងផលិត ៣០ លានគ្រឿងសិនក្នុងមួយឆ្នាំ៕
