Facebook Messenger គឺជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយលើពិភពលោក និងនៅកម្ពុជាផងដែរ ដោយសារវាផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនង និងមិនពិបាកប្រើប្រាស់ឡើយ។ ថ្មីៗនេះដែរ Facebook បានបន្ថែមមុខងារថ្មីមួយនៅលើ Messenger ដែលធ្វើកម្មវិធីនេះកាន់តែទាន់សម័យ។
មុខងារថ្មីនេះមានឈ្មោះថា Dark Mode ដែលពេលដំណើរការទៅ វានឹងធ្វើឲ្យផ្ទាំងកម្មវិធីទាំងមូលប្រែទៅជាពណ៌ខ្មៅតែម្ដង។ មុខងារនេះបង្កើតក្នុងគោលបំណងកាត់បន្ថយពន្លឺចាំងភ្នែកនៅពេលប្រើប្រាស់ ដូចជាប្រើពេលយប់ជាដើម។
មិនតែប៉ុណ្ណោះទេ វាក៏មានគុណសម្បត្តិមួយទៀតក្នុងការជួយសន្សំសំចៃថាមពលថ្មរបស់ទូរសព្ទ។ សម្រាប់ទូរសព្ទដែលមានប្រើប្រាស់អេក្រង់ប្រភេទ OLED អាចសន្សំសំចៃថ្មបានយ៉ាងល្អបំផុត ពេលដំណើរការមុខងារ Dark Mode។ នេះក៏ដោយសារតែអេក្រង់ OLED មិនចំណាយថាមពលឡើយពេលបង្ហាញពណ៌ខ្មៅ ខុសប្លែកពីការបង្ហាញពណ៌ដទៃទៀត។
ដើម្បីប្រើមុខងារ Dark Mode នេះ បើកកម្មវិធី Messenger ឡើង រួចចុចលើរូបភាពគណនីរបស់អ្នកដែលស្ថិតនៅផ្នែកលើខាងឆ្វេង បន្ទាប់មកអូសដំណើរការមុខងារនេះជាការស្រេច៕
