ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent បានដោះដៃចោលហ្គេម PUBG Mobile ក្នុងប្រទេសចិន ក្រោយពីមិនអាចទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលក្នុងការយកកម្រៃពីហ្គេមនេះ។
ជំនួសមកវិញ ក្រុមហ៊ុនបានធ្វើការផ្ទេរអ្នកលេងពីហ្គេម PUBG ទៅកាន់ហ្គេមមួយទៀតមានឈ្មោះស្រដៀងគ្នាគឺ Heping Jingying ឬហៅថា Elite Force for Peace។ Heping Jingying ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលរួចមកហើយសម្រាប់ការរកលុយ ដោយសារវាជាហ្គេមបង្ហាញពីការស្នេហាជាតិ។ អ្នកវិភាគមួយរូបបានរៀបរាប់ហ្គេមនេះថាជាការឧទ្ទិសដល់ កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន ជាផ្នែកមួយនៃកងទ័ពជាតិរបស់ចិន។
PUBG Mobile បានដាក់ឲ្យលេងកាលពីខែមីនា ឆ្នាំកន្លងទៅ ដោយបានក្លាយជាវីដេអូហ្គេមល្បីមួយលើពិភពលោក ដែលមានអ្នកលេងច្រើនដូច Fortnite អ៊ីចឹងដែរ។ តាមការប៉ាន់ស្មានរបស់ China Renaissance ហ្គេមនេះមានអ្នកលេងនៅចិនប្រមាណ ៧០ លាននាក់ ដែលអាចឲ្យ Tencent រកចំណូលបានពីទិញរបស់របរក្នុងហ្គេម ចន្លោះពី ១,១៩ ទៅ ១,៤៨ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
យ៉ាងណាក្ដីដោយសារកត្តានយោបាយ និងវប្បធម៌ បានធ្វើឲ្យហ្គេមនេះមានការរង្គោះរង្គើ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានក្លាយជាសត្រូវនឹងវីដេអូហ្គេមដោយយល់ឃើញថាវាធ្វើឲ្យមនុស្សញៀន និងមានបង្ហាញរូបភាពហិង្សាខ្លាំង។
គួរដឹង Tencent បានបិទហ្គេមចោលមួយរួចទៅហើយ ដោយសារតែបញ្ហានេះ។ ចំពោះហ្គេម Heping Jingying មិនត្រឹមតែបង្ហាញពីការស្នេហាជាតិនោះទេ ប៉ុន្តែមិនសូវហិង្សាដូច PUBG ឡើយ។ នៅពេលស្លាប់ តួអង្គមិនមានបាញ់ឈាមនោះទេ ហើយអាយុ ១៦ ឆ្នាំឡើងទើបអាចលេងបាន។ Tencent ក៏បានអនុញ្ញាតឲ្យអ្នកលេងផ្ទេរតួអង្គពី PUBG Mobile ទៅ Heping Jingying បានផងដែរ ហើយអ្នកវិភាគមួយរូបនិយាយថាហ្គេមថ្មីនេះ មានរបៀបលេងស្រដៀងនឹង PUBG ខ្លាំងបំផុត៕
