តាមការប្រកាសកាលពីថ្ងៃអង្គារកន្លងទៅនេះក្រុម Hacker បានលួចយក Bitcoin ចេញពីក្រុមហ៊ុន Binance គិតជាទឹកប្រាក់សរុបខាតបង់អស់ប្រមាណ ៤០ លានដុល្លារ។ រូបិយប័ណ្ណឌីជីថលធំបំផុតក្នុងលោកត្រូវបាន Hacker វាយប្រហារបំបែកប្រព័ន្ធសុវត្ថិភាពជាលក្ខណៈទ្រង់ទ្រាយធំបាត់បង់អស់ជាង ៧ ០០០ កាក់។
ក្រុមជនខិលខូចទាំងនោះក៏យកបានទាំងព័ត៌មានរបស់អ្នកប្រើប្រាស់ មានទាំងកូដផ្ទៀងផ្ទាត់ពីរតង់ Two-Factor Authenticaion ដែលប្រើប្រាស់សម្រាប់ Log in ចូលគណនីលើ Binance ទៀតផង។
តាមការបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ពីក្រុមហ៊ុនប្រាប់ឲ្យដឹងថា៖ “ក្រុម Hacker បានធ្វើការរង់ចាំយ៉ាងអត់ធ្មត់មុនបញ្ចេញសកម្មភាពតាមរយៈគណនីមួយចំនួន ហើយប្រតិបត្តិការនេះត្រូវបានរៀបចំឡើងដោយឆ្លងកាត់ការត្រួតពិនិត្យប្រព័ន្ធសន្តិសុខមានស្រាប់របស់យើង តែយើងមិនអាចរារាំងទាន់ រហូតដល់មានការដកប្រាក់ ទើបប្រព័ន្ធរបស់យើងផ្តល់ដំណឹង ហើយក៏ប្រញាប់បញ្ឈប់ចោលទាំងស្រុងតែម្តង”។
រំឭកថាការវាយប្រហារនេះធ្វើឡើង គាប់ជួនពេលដែលតម្លៃនៃរូបិយប័ណ្ណ Bitcoin មានការកើនឡើងប្រមាណ ៩ ភាគរយកាលពីសប្តាហ៍មុន។
