ប្រទេសកម្ពុជា មានភាពងាយស្រួលក្នុងការដំឡើងប្រព័ន្ធបច្ចេកវិទ្យា 5G នេះដោយសារតែភាព អំណោយផលគ្មានប្រេកង់ជាន់គ្នា។
ការឈានទៅប្រើប្រាស់ប្រព័ន្ធ 5G នេះគ្មានប្រទេសណាមួយចាប់បង្ខំឡើយ ប៉ុន្តែគឺជាកាតព្វកិច្ចតម្រូវរត់អោយទាន់ការរីកចំរើន សម័យសាកលភាវូបនីយកម្មប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលកម្ពុជាបានប្រកាសអនុវត្តដបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី ៤ ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចំរើន។ នេះបើតាមប្រភពពីសារព័ត៌មានរបស់ក្រសួងព័ត៌មាន។
លោក ជាម៉ានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអៈអាងថា 5G មានគុណសម្បត្តិល្អ ៣យ៉ាង ជាបច្ចេកវិទ្យាវិវត្តន៍ថ្មី ធ្វើឲ្យអ៊ីនធើណេតមានល្បឿនលឿន ផ្ទុកប្រព័ន្ធទិន្នន័យមានសុវត្ថិភាពរហ័សទាន់ចិត្ត និងមាន ឥទ្ធិពលខ្លំាងទៅលើដំណើរការសេដ្ឋកិច្ចសង្គម។
ថ្លែងក្នុងកិច្ចប្រជុំស្តីពី 5G លោកអ៊ឹម វុត្ថា អ្នកនាំពាក្យនិយត័ករទូរគមនាគមន៍កម្ពុជា បានបន្ថែមថា បណ្តាក្រុមហ៊ុនឯកជនមួយចំនួនបាន បង្កើតនិងតម្លើងឧបករណ៍សម្ភារៈអេឡិចត្រូនិចថ្មីៗដែលគាំទ្រ ការដំណើរការប្រើប្រាស់បច្ចេកវិទ្យា 5G នេះ។
មកដល់ពេលនេះ ក្រុមអ្នកជំនាញចាប់ផ្តើមសិក្សាពីការនិងបំពាក់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យា 5G ដើម្បីឲ្យមានលទ្ធភាពអាចឈានទៅដាក់ដំណើរការប្រើប្រាស់ប្រព័ន្ធនេះជាផ្លូវការនៅឆ្នាំ ២០២០ ខាងមុខតាមការកំណត់។
ការវិវត្តន៍ឈានទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 5Gនៅពេលខាងមុខនេះ គឺដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល រាជរដ្ឋាភិបាលអេឡិចត្រូនិច ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ យ៉ាងមានប្រសិទ្ធិភាព។ឯកឧត្តមបានអះអាងថា ប្រពន្ធ័ 5G នេះមានវិសាលាភាពធំទូលាយនឹងមានល្បឿនលឿនទំនើបជាង 4G ហើយធានាបានសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីធឺណេតថែម ទៀតផង៕
