អាជ្ញាធរវៀតណាម បានកាន់ទោស ស្ត្រីពីរនាក់ ឱ្យជាប់ពន្ធនាគារ ៥ និង៦ឆ្នាំ ពីបទបានបង្ហោះសារឃោសនាប៉ះពាល់ដល់រដ្ឋអំណាច តាមប្រព័ន្ធសង្គមហ្វេសប៊ុក។ សកម្មជនទាំងពីរ បានរិះគន់តាមប្រព័ន្ធសង្គម ច្បាប់ស្តីអំពីការពង្រឹងសន្តិសុខតាមអ៊ីនធ័រនែត និងសន្តិសុខក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ម្នាក់ត្រូវជាប់ទោសក្នុងពន្ធនាគារ៥ឆ្នាំ ម្នាក់ទៀត៦ឆ្នាំ ស្ត្រីទាំងពីរត្រូវបានប៉ូលិសចាប់ខ្លួន ជាមួយនឹងវត្ថុតាងដែលគ្មានមូលដ្ឋានសោះ ! កូនស្រីរបស់ស្ត្រីជាប់ទោសម្នាក់បានរៀបរាប់ថា នៅពេលប៉ូលិសចូលមកឆែកឆេរក្នុងផ្ទះ គេគ្មានរកឃើញវត្ថុអ្វីទាំងអស់ ក្រៅអំពីផ្ទាំងបដាសរសេរអក្សរដោយដៃ ប្រឆាំងនឹងការជួលដីឱ្យចិនកុម្មុយនិស្ត។ ប៉ុន្តែ ពេលប៉ូលិសចូលឆែកនៅក្នុងទូរស័ព្ទដៃរបស់ម្តាយ ក៏ឃើញឃ្លីបវីដេអូមួយហៅឱ្យធ្វើបាតុកម្មបែបហិង្សា។ ជាឃ្លីបវីដេអូដែលស្ត្រីជាម្តាយបានស៊ែរពីប្រព័ន្ធសង្គម ដែលគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើស្ត្រីទាំងពីរ។
សូមបញ្ជាក់ថា ចូលជាធរមាន នៅថ្ងៃទី ១មករា ២០១៩ ច្បាប់ស្តីអំពីសន្តិសុខអ៊ីនធ័រនែត ប្រឆាំងនឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា បានតម្រូវឱ្យក្រុមហ៊ុនអ៊ីនធ័រនែតនៅវៀតណាម បង្វែរទិន្នន័យអ្នកប្រើប្រាស់មកប្រាប់អាជ្ញាធរ និង លុបចោលនូវរាល់ខ្លឹមសារណាដែលរដ្ឋាភិបាលមិនចង់ឃើញ ពីលើប្រព័ន្ធសង្គមនិងវិបសៃត៍អ៊ីនធ័រនែត។ ច្បាប់ថ្មី ក៏ផ្តល់អំណាចឱ្យអាជ្ញាធរវៀតណាមក៏មានសិទ្ធិ លុបចោលរាល់បណ្តាញអ៊ីនធ័រនែតទាំងឡាយណា ដែលមានផ្សាយខ្លឹមសារ ប៉ះពាល់ដល់ប្រវត្តិសាស្ត្រ ការផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សង្គមនិងសកម្មភាពសេដ្ឋកិច្ចជាតិ។
អ្នកការពារសិទ្ធិមនុស្ស បានបរិហារច្បាប់សន្តិសុខអ៊ីនធ័រនែតដែលបង្កើតឡើងនេះ គ្រាន់តែជាលេសសម្រាប់តាមដាន ត្រួតពិនិត្យ តាមចាប់ និងបិទគណនីដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល និងមានសកម្មភាពគំរាមកំហែងដល់របបកុម្មុយនិស្តវៀតណាមតែប៉ុណ្ណោះ។ តាំងពីច្បាប់ចូលជាធរមានមក ម្ចាស់ប្លុកអ៊ីនធ័រនែត សកម្មជនប្រជាធិបតេយ្យ មេធាវីសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធរមានទម្លាប់ចាប់ខ្លួនយកឃុំឃាំងស្ទើរជារៀងរាល់ថ្ងៃ៕
