ក្រុមហ៊ុនយក្ស Google នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសំដែង ការព្រួយបារម្ភ ពីបរិយាកាសបច្ចេកវិទ្យា និងការបង្កើតថ្មី នៅប្រទេសសិង្ហបុរី នៅបន្ទាប់ពី សភាសិង្ហបុរី បានបោះឆ្នោតអនុម័តច្បាប់ដ៏ចម្រូងចម្រាស ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅតាមអ៊ីនធ័រនែត។
ច្បាប់ដ៏ចម្រូងចម្រាសដែលសភា សិង្ហបុរី បានបោះឆ្នោត អនុម័តកាលពីថ្ងៃ ពុធ មានឈ្មោះ ថា ច្បាប់ ការពារពីព័ត៌មានកុហក និងបំពុលពង្វក់នៅតាមអ៊ីនធ័រនែត។ ច្បាប់ថ្មី ដែលបង្កើតឡើងក្នុងគោលដៅ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅសិង្ហបុរី នឹងផ្តល់អំណាចដល់រដ្ឋាភិបាល ក្នុងការបញ្ជាឲ្យក្រុមហ៊ុនអ៊ីនធ័រនែត ដូចជាហ្វេសប៊ុក ទ្វីតធ័រ លុបចោល ឬចុះផ្សាយព័ត៌មានកែតម្រូវ នៅក្បែរព័ត៌មានណា ដែលរដ្ឋាភិបាលសិង្ហបុរី វាយតម្លៃថា ជាព័ត៌មានមិនពិត និងក្លែងបន្លំ។
ក្រុមហ៊ុន មិនថា ក្នុងស្រុក ឬក្រុមហ៊ុនបរទេស ដែលល្មើស មិនគោរពធ្វើតាមបទបញ្ជារបស់រដ្ឋាភិបាល នឹងត្រូវបង់ប្រាក់ពិន័យ ១លានដុល្លារ សិង្ហបុរី ឬស្មើនឹង ៧៣៥ពាន់ដុល្លារ អាមេរិក។ ចំណែកបុគ្គលវិញ អាចប្រឈមនឹងទោសជាប់ពន្ធនាគារ១០ឆ្នាំ។
សម្រាប់រដ្ឋាភិបាលសិង្ហបុរី ច្បាប់ថ្មី ធ្វើឡើងក្នុងគោលដៅ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមអ៊ីនធ័រនែត ដែលគំរាមកំហែង សន្តិសុខជាតិ ឬដែលអាចបំបែកបំបាក់ប្រជាជនសិង្ហបុរី ប៉ុន្តែ មិនមែនសម្រាប់បិទខ្ទប់សិទ្ធិសេរីភាពបញ្ចេញមតិនោះទេ។
ឡើងថ្លែងនៅមុខសភា នៅថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សិង្ហបុរី បានលើកឡើងពីសារៈសំខាន់នៃច្បាប់ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះថា គេមិនអាចពឹងផ្អែក និងទុកចិត្ត ទាំងស្រុងថា ក្រុមហ៊ុន អាចចាត់វិធានការលុបបំបាត់ព័ត៌មានក្លែងក្លាយ នៅលើអ៊ីនធ័រនែត។ ដើម្បីបន្ធូរបន្ថយក្តីបារម្ភរបស់ក្រុមហ៊ុនព័ត៌មានវិទ្យា និងអង្គការការពារសិទ្ធិមនុស្ស រដ្ឋាភិបាលសិង្ហបុរី អះអាង ធានាថា គេនឹងបញ្ជាឲ្យមានការចុះផ្សាយ ព័ត៌មានកែតម្រូវ នៅក្បែរព័ត៌មានក្លែងក្លាយ ជាមុនសិន មុននឹងឈានទៅដល់ការផាកពិន័យ ឬការដាក់ទោសពន្ធនាគា។
អង្គការការពារសិទ្ធិមនុស្ស ហើយនិងក្រុមហ៊ុនអ៊ីនធ័រនែតធំៗដូចជាGoogle facebook និងTwitter នៅតែមិនទាន់ទុកចិត្ត។ សម្រាប់ប្រធានអង្គការAmnesty International ប្រចាំនៅអាស៊I អាគ្នេយ៍ ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយជាលេសមួយរបស់ រដ្ឋាភិបាលសិង្ហបុរី ដើម្បី បង្រ្កាប ការចុះផ្សាយព័ត៌មាន ឬការបញ្ចេញមតិ នៅតាមអ៊ីនធ័រនែត ដែលរដ្ឋាភិបាលមើលមិនចូលភ្នែក។ សម្រាប់ក្រុមហ៊ុនអ៊ីនធ័រនែតយក្សGoogle ច្បាប់ថ្មី របស់សិង្ហបុរី នឹងអាចប៉ះពាល់ការបង្កើតថ្មី ដែលជាចំណុចសំខាន់ នៅក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ដែលកំពុងរីកចម្រើន ក្នុងទឹកដីសិង្ហបុរី៕
