អារ៉ាប៊ីសាអ៊ូឌីតកំពុងឈរលើមហិច្ឆតាដ៏ធំធេងមួយ ក្នុងការបង្កើតឡើងនូវទីក្រុងឲ្យឈ្មោះថា “Neom” រំពឹងនឹងបញ្ចប់នៅឆ្នាំ ២០២៥។ ជាទីក្រុងដែលពោរពេញដោយការប្រើប្រាស់បច្ចេកវិទ្យា ហើយមានទំហំធំជាងទីក្រុង New York របស់សហរដ្ឋអាមេរិកដល់ទៅ ៣៣ ដង។Neom នឹងមានទីតាំងស្ថិតនៅជាប់ឆ្នេរសមុទ្រក្រហម ភាគពាយព្យនៃខេត្ត Tabuk ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
រដ្ឋាភិបាលក្នុងប្រទេសនេះធ្លាប់បាននិយាយថា “Neom” នឹងក្លាយជាគម្រោងដ៏ធំបំផុតមួយក្នុងលោក ហើយកាលពីឆ្នាំ ២០១៨ ព្រះអង្គម្ចាស់ Mohammed bin Salman ក៏ធ្លាប់បង្ហើបថាការសាងសង់នឹងបញ្ចប់នៅខែតុលា ឆ្នាំ ២០២៥។ស្ថិតលើកញ្ចប់ថវិកាដែលត្រៀមចំណាយប្រមាណ ៥០០ ពាន់លានដុល្លារ ជាការបណ្ដាក់ទុនពីបណ្ដាវិនិយោគិនក្រៅស្រុក នឹងសម្រេចឲ្យទីក្រុងមួយនេះក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំដាច់គេក្នុងលោក។
ចំណុចរសើបក្នុងទីក្រុងនោះនឹងមានដាក់ពង្រាយនូវមនុស្សយន្តជាច្រើនឲ្យដំណើរការ គួបផ្សំការបង្កើតនូវពពកសិប្បនិម្មិតដើម្បីបង្អង់ទឹកភ្លៀងឲ្យបានទៀងទាត់ ជាមួយការបង្កើតនូវព្រះចន្ទសិប្បនិម្មិតថែមទៀតផង។ជាងនេះមនុស្សដែលរស់នៅក្នុងទីក្រុងនោះនឹងប្រើប្រាស់រថយន្តហោះលើអាកាសជាមធ្យោបាយធ្វើដំណើរ ជាមួយការកម្សាន្តនៃអគារធំៗ ក៏ដូចជាសួនកម្សាន្ត Jurassic Park ជាដើម៕