អ្នកវិទ្យាសាស្ត្រចិនបានស្វះស្វែងបានបង្កើតនូវព្រះអាទិត្យ ដោយប្រើប្រាស់រ៉េអាក់ទ័រនៃការរំលាយថាមពលនុយក្លេអ៊ែរ ដែលគេអាចចាត់ទុកថាជា ព្រះអាទិត្យសិប្បនិម្មិត។ តាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua បានឲ្យដឹងថាព្រះអាទិត្យសិប្បនិម្មិតបានផលិតរួចរាល់ហើយ ហើយនឹងចាប់ផ្ដើមធ្វើប្រតិបត្តិការនៅឆ្នាំ ២០២០។
ព្រះអាទិត្យសិប្បនិម្មិតនេះមានឈ្មោះថា HL-2M ដែលវាមានទីតាំងស្ថិតនៅទីក្រុង Leshan នៃខេត្តស៊ីឆ័ន។ ឧបករណ៍នេះអាចមានកម្ដៅរហូតដល់ ២០០ លានអង្សាសេ ដែលវាក្ដៅជាងស្នូលព្រះអាទិត្យរហូតដល់ ១៣ ដងឯណោះ។
គួរដឹងថាគម្រោងការព្រះអាទិត្យសិប្បនិម្មិតនេះ បង្កើតឡើងដើម្បីរិះរកវិធីបង្កើតប្រភពថាមពលមួយចេញពីរ៉េអាក់ទ័រនៃការរំលាយថាមពលនុយក្លេអ៊ែរ។ ប្រសិនបើគម្រោងការនេះប្រព្រឹត្តទៅដោយរលូន វានឹងអាចផ្ដល់នូវប្រភពថាមពលមិនចេះអស់មួយ ដែលអាចនឹងដោះស្រាយវិបត្តិថាមពលពិភពលោកបាន។ បច្ចុប្បន្ននេះពិភពលោកប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាប្រភពថាមពល ដែលវាអាចនឹងបាត់បង់នៅពេលណាមួយ។
ដំណើរការនៃការរំលាយគឺគេបានប្រើប្រាស់អាតូមអ៊ីដ្រូហ្សែនពីរប្រភេទ deuterium និង tritium ដើម្បីចាក់បញ្ចូលទៅក្នុងធុងឧស្ម័នដ៏ធំមួយ។ បន្ទាប់មកក្រុមអ្នកវិទ្យាសាស្ត្របន្ថែមថាមពលមួយប្រភេទមានទម្រង់ជាអ៊ីយ៉ុងប្លាស្មា ដែលអាចបញ្ចេញថាមពលបានយ៉ាងមហិមា៕