មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែ ធ្នូ ២០១៩ បានបោះឆ្នោតលើសេចក្តីសម្រេចដ៏ចម្រូងចម្រាសមួយ ដែលមានចែងពីការចងក្រង អនាគត សន្ធិសញ្ញាអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអ៊ីនធ័រនែត។ ជាការកត់សំគាល់ អាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបបានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចដែលស្នើឡើងដោយរុស្ស៊ី និងដែលចូលរួមសរសេរចងក្រង ដោយប្រទេសចិន បេឡារុស្ស៊ី ភូមា កូរ៉េខាងជើង និងកម្ពុជា។
នៅក្នុងការបោះឆ្នោតលើសេចក្តីសម្រេច ដែលស្នើឡើងដោយប្រទេសរុស្ស៊ី កាលពីថ្ងៃម្សិលមិញ ក្រុមប្រទេសសមាជិកអង្គការសហប្រជាជាតិបានបែកបាក់ បែងចែក គ្នាជា ២ក្រុម។ មួយក្រុមគឺក្រុមប្រទេសលោកសេរី ដែលនាំមុខដោយអាមេរិក បណ្តាប្រទេសអឺរ៉ុប កាណាដា និងជប៉ុន ដែលបានបោះឆ្នោតប្រឆាំងសេចក្តីសម្រេច ដែលស្នើឡើងដោយរុស្ស៊ី។ ចំណែកមួយក្រុមទៀត មាន៧៩ប្រទេសបានបោះឆ្នោត គាំទ្រ សេចក្តីសម្រេច ដែលរុស្ស៊ី បានចូលរួមសរសេរចងក្រង ជាមួយប្រទេសចិន បេឡារុស្ស៊ី កូរ៉េខាងជើង ភូមា វេណេស៊ុយអេឡា និងកម្ពុជា។
សេចក្តីសម្រេច ស្នើឡើងរុស្ស៊ី ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោត អនុម័ត ជាមួយសំឡេងគាំទ្រ ចំនួន ៧៩ប្រទេស សំឡេងប្រឆាំង ៦០ប្រទេស និងប្រទេស ចំនួន៣០បោះឆ្នោត អនុប្បវាទ។
សេចក្តីសម្រេចស្នើឡើងដោយរុស្ស៊ី មានគោលដៅចង់ឲ្យគេសរសេរ តាក់តែង បង្កើតសន្ធិសញ្ញាអន្តរជាតិ ដើម្បី ប្រឆាំងរាល់សកម្មភាព ឬការប៉ុនប៉ងទាំងឡាយ ណាដែលចង់ប្រើបច្ចេកវិទ្យា ព័ត៌មានវិទ្យា ក្នុងគោលដៅ ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មអ៊ីនធ័រនែត។
សេចក្តីសម្រេចមានចែង ពីគម្រោងបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលមួយ ដែលជាអ្នកទទួលបន្ទុកសរសេរចងក្រង អត្ថបទអនាគត សន្ធិសញ្ញាថ្មី។ តាមគម្រោង គណៈកម្មាធិការអន្តររដ្ឋាភិបាល ត្រូវជួបប្រជុំគ្នា រយៈពេល៣ថ្ងៃ នៅខែសីហាឆ្នាំ ក្រោយ នៅទីក្រុងញូវយ៉ក ដើម្បី កំណត់ទិសដៅ និងការងារដែលគេត្រូវបន្ត សម្រាប់បង្កើតអត្ថបទ សន្ធិសញ្ញាថ្មីមួយ ដែលនឹងអាចចេញជារូបរាង ហើយដាក់ឲ្យអង្គការសហប្រជាជាតិ បោះឆ្នោត អនុម័ត នៅអំឡុងឆ្នាំ ២០២១។
អាមេរិក និងប្រទេសនៅអឺរ៉ុប រិះគន់ និងបោះឆ្នោតប្រឆាំងសេចក្តីសម្រេចស្នើឡើងដោយរុស្ស៊ី
អាមេរិកបានចេញមុខប្រឆាំង នឹងសេចក្តីសម្រេច របស់រុស្ស៊ី តាំងពីនៅក្នុងការបោះឆ្នោត នៅគណៈកម្មការទី៣របស់អង្គការសហប្រជាជាតិ កាលពីខែ វិច្ឆិកាមកម្ល៉េះ ប៉ុន្តែ អាមេរិក នៅតែមិនអាចទប់នឹងកម្លាំងដើរបញ្ចុះបញ្ចូលរបស់រុស្ស៊ី ដែលបានកេណ្ឌប្រមូលប្រទេស ជាច្រើនឲ្យចូលរួមគាំទ្រ សេចក្តីសម្រេចរបស់ខ្លួន។
មើលពីសំបកក្រៅ សន្ធិសញ្ញាអន្តរជាតិស្តីពីឧក្រិដ្ឋកម្មអ៊ីនធ័រនែត ដែលស្នើឡើងដោយរុស្ស៊ី ពិតជាគោលដៅ ល្អ ដើម្បី ប្រយុទ្ធប្រឆាំងក្រុមឧក្រិដ្ឋជនដែលចង់ប្រើអ៊ីនធ័រនែតដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែ អាមេរិកវាយតម្លៃថា គិតថា រុស្ស៊ី ស្នើចង់ឲ្យអង្គការសហប្រជាជាតិបង្កើតសន្ធិសញ្ញាអន្តរជាតិ ស្តីពីឧក្រិដ្ឋកម្មអ៊ីនធ័រនែតនេះឡើង ព្រោះ រុស្ស៊ីចង់បានសិទ្ធិស្របច្បាប់ ដើម្បី បង្រ្កាបសកម្មភាព ការបញ្ចេញមតិត ទាំងឡាយណាដែលរុស្ស៊ី ចាត់ទុកថា ជាបទល្មើស ខុសច្បាប់ ក្នុងក្រសែភ្នែករុស្ស៊ី។ អាមេរិក ខ្លាចថា ជាមួយ សន្ធិសញ្ញាអន្តរជាតិថ្មី ស្តីពីឧក្រិដ្ឋកម្មអ៊ីនធ័រនែត រដ្ឋាភិបាលប្រទេសផ្តាច់ការ នឹងសំអាងសិទ្ធិ អនុវត្តដោយចំហរ នយោបាយ បិទខ្ទប់អ៊ីនធ័រនែត បិទសិទ្ធិសេរីភាពបញ្ចេញមតិ នៅលើបណ្តាញសង្គម ឬក៏មានសិទ្ធិអំណាច ចាត់ទុក មតិរិះគន់រដ្ឋាភិបាលថា ជាអំពើឧក្រិដ្ឋ។
មន្រ្តីអាមេរិកម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងថា អាមេរិកបានបោះឆ្នោតប្រឆាំង ព្រោះអាមេរិកខ្លាចថា សន្ធិសញ្ញាថ្មី ដែលរុស្ស៊ីគ្រោងចង់បាន នឹងអនុញ្ញាតបើកផ្លូវឲ្យមានរឹតបន្តឹង បិទសិទ្ធិសេរីភាពបញ្ចេញមតិនៅលើបណ្តាញសង្គម អ៊ីនធ័រនែត ជាលក្ខណៈ សកល ក្នុងពិភពលោក។
ឯកអគ្គរដ្ឋទូតហ្វាំងឡង់ដែលចេញមុខតំណាងប្រទេសអឺរ៉ុប បោះឆ្នោត ប្រឆាំងនឹងសេចក្តីសម្រេចកាលពីថ្ងៃម្សិលមិញ លើកឡើងថា សេចក្តីសម្រេចស្នើឡើងដោយរុស្ស៊ី ដើម្បីបង្កើត សន្ធិសញ្ញា ស្តីពីឧក្រិដ្ឋកម្មអ៊ីនធ័រនែត ធ្វើឡើងដោយគ្មានមូលដ្ឋានគ្រឹះ និង គ្មានប្រយោជន៍ នោះទេ ព្រោះថា គេមានរួចហើយ សន្ធិសញ្ញា ស្តីពីឧក្រិដ្ឋកម្មអ៊ីនធ័រនែត ដែលបានចូលជាធរមាន កាលពីឆ្នាំ ២០០៤។ សន្ធិសញ្ញាដែលអឺរ៉ុបបានបង្កើតឡើង នៅឆ្នាំ២០០១ ដែលចូលរួមចុះហត្ថលេខា ដោយអាមេរិក និងជប៉ុនជាដើម មានគោលដៅប្រយុទ្ធប្រឆាំងនឹងការលួចបន្លំ តាមអ៊ីនធ័រនែត ការរំលោភកម្មសិទ្ធិបញ្ញា និងការផ្សព្វផ្សាយ រូបភាពអាសអាភៀសរបស់កុមារ នៅលើអ៊ីនធ័រនែត។
បើសិនសន្ធិសញ្ញាអន្តរជាតិស្តីពីឧក្រិដ្ឋកម្មអ៊ីនធ័រនែតចេញជារូបរាង នោះវាទៅជំនួស សន្ធិសញ្ញាចាស់របស់អឺរ៉ុប ឬ សន្ធិសញ្ញាក្រុងBudapest។
មិនមែនមានតែអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដែលចេញមុខប្រឆាំងសេចក្តីសម្រេចដែលស្នើឡើងដោយរុស្ស៊ី។ អង្គការការពារសិទ្ធិមនុស្សHuman Rights Watch បានរិះគន់គម្រោងការរបស់រុស្ស៊ី ដែលចង់ឲ្យមានការបង្កើតសន្ធិសញ្ញាអន្តរជាតិ ស្តីពីឧក្រិដ្ឋកម្ម អ៊ីនធ័រនែត។ប្រតិកម្មទៅនឹងការបោះឆ្នោតអនុម័តលើសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បាននិយាយបែបចំអកថា ក្រុមប្រទេសដែលចូលរួមជាមួយរុស្ស៊ី ដើម្បី បង្កើតសន្ធិសញ្ញាស្តីពីឧក្រិដ្ឋកម្មដូចជា អ៊ីរ៉ង់ ភូមា ឥណ្ឌា សុទ្ធសឹងជាក្រុមប្រទេស ដែលបាន បិទបណ្តាញអ៊ីនធ័រនែត ដើម្បីបង្រ្កាប លើលើក្រុមប្រឆាំង ឬអ្នកដែលសរសេររិះគន់ប្រឆាំងរដ្ឋាភិបាលលើអ៊ីនធ័រនែត។ “បើសិនរុស្ស៊ី មានផែនការ ចង់បង្កើតសន្ធិសញ្ញាដែលផ្តល់សិទ្ធិស្របច្បាប់ដល់រដ្ឋាភិបាលក្នុងកាត់ផ្តាច់ បិទខ្ទប់ អ៊ីនធ័រនែត ចូលតាមដានត្រួតពិនិត្យ ខ្លឹមសារបញ្ចេញមតិ ឬប្រែក្លាយការបញ្ចេញមតិរិះគន់រដ្ឋាភិបាល ថា ជាសកម្មភាពឧក្រិដ្ឋខុសច្បាប់ នោះ វាមិនមែនជាគំនិតល្អនោះទេ” នេះជាប្រសាសន៍របស់លោកLouis Charbonneau។
ហេតុអ្វីរុស្ស៊ីស្នើចង់ឲ្យមានសន្ធិសញ្ញាថ្មី ស្តីពី ឧក្រិដ្ឋកម្មអ៊ីនធ័រនែត?
រុស្ស៊ីស្នើចង់ឲ្យមានសន្ធិសញ្ញាអន្តរជាតិ ថ្មីស្តីពីឧក្រិដ្ឋកម្មអ៊ីនធ័រនែត ព្រោះរុស្ស៊ី បានចេញមុខប្រឆាំងមិនចូលរួមក្នុងសន្ធិសញ្ញាដែលអឺរ៉ុបបង្កើតនោះទេ។ រហូតមក រុស្ស៊ី បានបដិសេធមិនសហការ ឲ្យ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ចូលទៅប្រើប្រាស់ទិន្នន័យ កុំព្យូទ័ររបស់ជនជាតិរបស់ខ្លួន ដែលអ្នកជំនាញវាយតម្លៃថា បានប្រព្រឹត្តឧក្រិដ្ឋកម្មអ៊ីនធ័រនែត ទៅតាមសន្ធិសញ្ញាBudapest។
លើកនេះ រុស្ស៊ី បានបញ្ចុះបញ្ចូលឲ្យអង្គការសហប្រជាជាតិ បោះឆ្នោតលើសេចក្តីសម្រេច បង្កើតអត្ថបទស្តីពីសន្ធិសញ្ញាថ្មី ដែលនៅក្នុងនោះ រុស្ស៊ី គ្រោនឹងបញ្ចូល បទល្មើសចំនួន ១៤ ដែលរុស្ស៊ី ចាត់ទុកជាបទល្មើសឧក្រិដ្ឋ នៅលើអ៊ីនធ័រនែត ដូចជា ការលួចចូលមើលដោយខុសច្បាប់ ព័ត៌មានក្នុងកុំព្យូទ័រ ការបង្កើតកម្មវិធីទូរស័ព្ទ ឬកុំព្យូរទ័រ ក្នុងចេតនាមិនល្អ ការបញ្ជូនសារអេឡេចត្រូនិកដោយគ្មានការសុំអនុញ្ញាត និងការផ្សព្វផ្សាយរូបភាពអាសអាភៀសរបស់កុមារ។ ជាមួយសន្ធិសញ្ញាថ្មី គេអាចធ្វើបត្យាប័នដោះដូរ ឧក្រិដ្ឋជន អ៊ីនធ័រនែត ដោយមិនចាំបាច់ត្រូវមានកិច្ចព្រមព្រៀងធ្វើបត្យាប័នរវាងប្រទេសនោះទេ។
តាមអ្នកទទួលខុសត្រូវរបស់ក្រសួងការបរទេសរុស្ស៊ី ដែលបាននិយាយប្រាប់វិបសៃតិ៍ រុស្ស៊ី Sputnik សន្ធិសញ្ញាថ្មី មានគោលដៅ ការពារ វិស័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលកំពុងប្រឈមនឹងការកើនឡើងនៃការវាយប្រហារអ៊ីនធ័រនែត។ សន្ធិសញ្ញាដែលរុស្ស៊ី ស្នើឡើងមានគោលដៅផងដែរពង្រីកសហប្រតិបត្តិការអន្តរជាតិ ក្នុងការចែករំលែកព័ត៌មានសម្ងាត់ ហើយនិង ការសម្របសម្រួល ដើម្បីយកឧក្រិដ្ឋជន ទៅកាត់ទោសតាមច្បាប់៕









