ក្នុងពេលដែលប្រទេសកំពុងជាប់ដៃ យ៉ាងប្រញឹក ប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី ប្រធានាធិបតីចិន លោក ស៊ីជិនពីង បានជំរុញឱ្យអាជ្ញាធរពង្រឹងសណ្តាប់ធ្នាប់និងស្ថិរភាពសង្គម ដោយត្រូវបង្កើនការត្រួតពិនិត្យ ការឃោសនាព័ត៌មានតាមអ៊ីនធ័រនែត។ នេះបើតាមសំណេររបស់ប្រព័ន្ធឃោសនាព័ត៌មានរដ្ឋចេញផ្សាយនៅថ្ងៃសៅរ៍ទី ១៥កុម្ភៈ ២០២០។
សម្តីរបស់លោកប្រធានាធិបតី ធ្លាក់មកជួនចំពេលដែល មតិសាធារណៈបាននិងកំពុងបន្តនាំគ្នាសម្តែងការមិនពេញចិត្ត យ៉ាងពុះកញ្ជ្រោលចំពោះចំណាត់ការរបស់រដ្ឋាភិបាលប្រឆាំងនឹងមេរោគកូវីត-១៩។
ថ្វីបើពាក្យរិះគន់ប្រឆាំងនឹងអ្នកទទួលខុសត្រូវនយោបាយតំបន់ហ៊ូពេ ដែលបានខ្ទាតចេញតំណែងរួចទៅហើយ មានសល់នៅលើបណ្តាញសង្គមខ្លះមែន ប៉ុន្តែរាល់សារបញ្ចេញកំហឹង និងសារអំពាវនាវទាមទារសេរីភាពនៃការបញ្ចេញមតិ បង្ហោះក្រោយមរណភាពរបស់វេជ្ជបណ្ឌិតលី វិនលាំង ដែលជាអ្នកប្រកាសអាសន្នកូរ៉ូណាវីរុសដំបូងគេ ត្រូវបានអាជ្ញាធរចិនរួសរាន់លុបចោលវិញស្ទើរទាំងអស់។
រដ្ឋាភិបាលត្រូវតែពង្រឹងការ ត្រួតពិនិត្យប្រព័ន្ធឃោសនាព័ត៌មាន តាមអ៊ីនធឺនែត និងត្រូវតែបង្ក្រាប រាល់គ្រប់ទម្រង់និងបុគ្គលណាដែលចង់ផ្សព្វផ្សាយពាក្យចចាមអារាម ទាក់ទងនឹងជំងឺរាតត្បាតកូរ៉ូណាថ្មី។ នេះជាប្រសាសន៍របស់លោកស៊ីជិនពីង នៅក្នុងសុន្ទរកថាចុះថ្ងៃទី ៣កុម្ភៈ ២០២០ តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសៅរ៍ទី ១៥កុម្ភៈនេះ ដោយភ្នាក់ងារសារព័ត៌មានចិនថ្មី។
“ពាក្យចចាមអារាម” ដែលលោកប្រធានាធិបតីចិនប្រើនេះ គឺសំដៅលើ ការផ្តល់ព័ត៌មានក្លែងក្លាយផង និងរាល់គ្រប់ដំណឹងដែលប៉ះពាល់ រំខានដល់គណបក្សកុម្មុយនិស្តចិនផង។ ក្នុងន័យនេះ ដើម្បីធានា “ស្ថិរភាពសង្គម” ចិនត្រូវតែពង្រាយកម្លាំងនគរបាល និងបង្ក្រាបជនណាដែលចង់ឆ្លៀតយកចំណេញពីវិបត្តិកូរ៉ូណា ទៅបំប៉ោងព័ត៌មាន ទៅធ្វើមានបាន ឬយកចំណេញពីការលក់សម្ភារៈបរិក្ខារពេទ្យ ឬថ្នាំក្លែងក្លាយ។
លោកស៊ីជិនពីង បានថែមទាំងជំរុញឱ្យសមាជិកបក្សកុម្មុយនិស្តទាំងអស់ ហ៊ានធ្វើការរិះគន់ សមាជិកបក្សណាដែលមិនគោរពតាមសេចក្តីណែនាំផ្លូវការរបស់បក្ស ឬសមាជិកណាដែលមិនបានបំពេញតួនាទីត្រឹមត្រូវ។ ជាឧទាហរណ៍ជាក់ស្តែង អ្នកទទួលខុសត្រូវផ្នែកសុខាភិបាលខេត្តហ៊ូពេពីររូបត្រូវបានដកហូតតួនាទី កាលពីដើមសប្តាហ៍។ ចំណែកប្រធានបក្សកុម្មុយនិស្តខេត្តនិងចៅហ្វាយក្រុងវូហាន ក៏បានខ្ទាតចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី ១៣កុម្ភៈ ពីបទបានបញ្ចេញសកម្មភាពយឺតយ៉ាវទល់នឹងការរាតត្បាតរបស់Covid-19។
លោក ស៊ី ជិនពីង ផ្ទាល់ក៏មិនសូវចេញមុខមាត់ដែរ នៅពេលផ្ទុះជំងឺកូរ៉ូណាថ្មីភ្លាម។ ពីរសប្តាហ៍ក្រោយ ទើបគេឃើញទូរទស្សន៍ជាតិ ចាប់ផ្តើមបញ្ចេញរូបភាពសកម្មរបស់លោកប្រធានាធិបតី ដឹកនាំប្រជុំរាល់ថ្ងៃ ចុះសួរសុខទុក្ខពលរដ្ឋផ្ទាល់ដល់មូលដ្ឋាន និងប្រកាសធ្វើសង្គ្រាមប្រឆាំងនឹងជំងឺរាតត្បាតកូរ៉ូណា។ មេរោគកូរ៉ូណាថ្មី ដែលបានសម្លាប់មនុស្សអស់ជាង១៦០០នាក់ ចម្លងដល់មនុស្សជាង៦៦០០០នាក់ នៅក្នុងប្រទេសចិន និងមានករណីស្លាប់ម្នាក់ នៅអឺរ៉ុប នោះគឺអ្នកជំងឺជាទេសចរចិននៅស្រុកបារាំងអាយុ៨០ឆ្នាំ៕









