សហរដ្ឋអាមេរិកជំរុញឲ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកពង្រីកប្រព័ន្ធ 5G ដើម្បីប្រជែងជាមួយ Huawei វិញ

0

ខណៈពេលដែល ស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្ម នៅតែបន្ដទៅមុខដដែល ដោយឃើញថាគ្មានដំណោះស្រាយសោះ ក៏ក្រុមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងតែខិតខំព្យាយាមពន្លឿនឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍ក្នុងស្រុក ធ្វើការពង្រីកបណ្ដាញប្រព័ន្ធ 5G ដោយខ្លួនឯង ដើម្បីចង់ផ្តាច់ទំនាក់ទំនងជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei តែម្ដង នេះបើយោងទៅតាម The Wall Street Journal បានចុះផ្សាយកាលពីពេលថ្មីៗនេះ។ រីឯគោលដៅរបស់សហរដ្ឋអាមេរិក នោះគឺថាឧបករណ៍ដំឡើងប្រព័ន្ធ 5G និងបច្ចេកវិទ្យាទាំងអស់ ត្រូវតែចេញពីក្រុមហ៊ុនអាមេរិកផ្ទាល់ ដោយលែងឲ្យពឹងផ្អែកលើ Huawei តទៅទៀតហើយ។

សម្រាប់ពេលបច្ចុប្បន្ននេះ គឺហាក់បីដូចជាមានតែក្រុមហ៊ុន Huawei ប៉ុណ្ណោះ ដែលកំពុងឈរលើតារាងកំពូល និងឈានមុខគេផងដែរ ចំពោះផ្នែកផ្គត់ផ្គង់គ្រឿងទូរគមនាគមន៍ ហើយក៏បានលក់ទៅឲ្យក្រុមហ៊ុនធំៗជាច្រើន ទូទាំងពិភពលោកតែម្ដង ដែលជួយឲ្យឧបករណ៍ទាំងឡាយ ធ្វើការទំនាក់ទំនងគ្នាបាន។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក ក៏កើតមានក្ដីព្រួយបារម្ភជាមួយក្រុមហ៊ុនចិន Huawei លើផ្នែកទូរគមនាគមន៍ ដោយប៉ះពាល់ទៅនឹង បញ្ហាលួចប្រមូលទិន្នន័យពី អ្នកប្រើប្រាស់នៅក្នុងស្រុករបស់ខ្លួន ហើយបញ្ជូនទៅកាន់ប្រទេសចិន។ ហេតុដូច្នេះហើយ ក៏បានសម្រេចចិត្តហាមឃាត់ Huawei លែងឲ្យសហការជាមួយនឹង ក្រុមហ៊ុនអាមេរិកទៀត ក៏ដូចជាធ្វើអាជីវកម្មនៅលើទឹកដីខ្លួននោះឡើយ។ ប្រភពខាងលើដដែល បានរាយការណ៍មកថា កាលពីដើមខែកុម្ភៈនេះ សេតវិមាន The White House ក៏បានជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Dell និង Microsoft ចូលរួមខិតខំបង្កើតប្រព័ន្ធ 5G ដើម្បីពង្រីកទីផ្សារឲ្យកាន់តែធំទៀត មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ គឺទៅកាន់ទីផ្សារផ្សេងៗដទៃទៀត ដើម្បីជាការឆ្លើយតបទៅកាន់ Huawei វិញផងដែរ។

ស្របនឹងពេលដែល បច្ចេកវិទ្យាទូរគមនាគមន៍របស់ Huawei បានដើរលឿនជាងក្រុមហ៊ុនប្រកួតប្រជែងរបស់ខ្លួន ជាច្រើនឆ្នាំទៅហើយ ដូច្នេះសហរដ្ឋាអាមេរិក អាចនឹងត្រូវចំណាយពេលមិនតិចឡើយ ដើម្បីអាចតាមទាន់ក្នុងការពង្រីក បច្ចេកវិទ្យាទូរគមនាគមន៍របស់ខ្លួន បានដែរនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here