ការគ្រោះថ្នាក់ពាក់ព័ន្ធទៅនឹងករណី អ្នកបើកបរជាប់រវល់តែចុចទូរសព្ទ ហើយភ្លេចមើលទៅលើផ្លូវ គឺនៅជាបញ្ហាមួយដ៏ធំ ជុំវិញពិភពលោកតែម្ដង នាពេលបច្ចុប្បន្ននេះ ហេតុដោយសារតែ ស្មាតហ្វូនកាន់តែរីកចម្រើន និងធំទូលាយមែនទែន ទើបមិនងាយរកដំណោះស្រាយបាន។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៃប្រទេសអូស្រ្ដាលី បានចាប់ផ្ដើមបំពាក់កាមេរ៉ាប្រភេទ AI ជំនាន់ចុងក្រោយម្យ៉ាង ដែលធ្វើចាប់អ្នកបើកបរកំពុងចុចទូរសព្ទបាន ដោយស្វ័យប្រវត្តិតែម្ដង។ ក្នុងនោះក៏មានទាំងកាមេរ៉ា ភ្ជាប់តាមភ្លើងស្តុប, នៅតាមដងផ្លូវ និងនៅលើយន្ដយានរបស់ប៉ូលីស ដើម្បីឲ្យវាកាន់តែមានប្រសិទ្ធិភាព ហើយងាយនឹងចាប់អ្នកជិះម៉ូតូ ជាដើម។
ប្រព័ន្ធកាមេរ៉ាប្រភេទ AI ទាំងអស់នេះ មានមុខងារថតជាប់អ្នកបើរបរទាំងឡាយ ដែលប្រព្រឹត្តិអំពើខុសច្បាប់នេះ ក៏ប៉ុន្ដែមិនធ្វើឲ្យដាក់ពិន័យ ដោយស្វ័យប្រវត្តិនោះទេ គឺត្រូវឲ្យមនុស្សពិនិត្យមើល ឲ្យបានច្បាស់លាសជាមុនសិន ទើបអាចដាក់ពិន័យតាមក្រោយទៀត ដើម្បីជៀសវាងបញ្ហាចាប់ខុស។ ខណៈពេលដាក់ដំណើរការវា ជាលើកដំបូង ក្នុងរយៈពេលចំនួន 3 ខែខាងមុខនេះ អ្នកបើកបរយន្ដយានទាំងអស់ ដែលត្រូវបានចាប់ដោយកាមេរ៉ា AI នឹងត្រូវលើកលែងទោសឲ្យសិន ព្រោះតែគិតថា នេះជាការសាកល្បងប៉ុណ្ណោះ ក៏ដូចជាចង់ដឹងថា វាត្រឹមត្រូវបានដល់កម្រិតណា ផងដែរ។ យ៉ាងណាក៏ដោយ បន្ទាប់ពីផុតរយៈពេលនោះ ការដាក់ពិន័យនឹងមានចំនួនខ្ទង់ ៩៣២,០០០ រៀល (~233 ដុល្លារ) និងត្រូវបានកាត់ចំនួន 5 ពិន្ទុក្នុងករណីធម្មតា ប៉ុន្ដែប្រសិនបើបង្កនៅតំបន់សាលារៀន នោះការពិន័យនឹងឡើងដល់ ១,២៣៦,០០០ រៀល (~309 ដុល្លារ) ហើយដកចំនួន 10 ពិន្ទុថែមទៀតផង។
រដ្ដាភិបាលអូស្រ្ដាលីយល់ឃើញថា ការធ្វើតាមវិធីបែបនេះ នឹងអាចកាត់បន្ថយករណីគ្រោះថ្នាក់បានច្រើន ព្រមទាំងមានប្រសិទ្ធិភាពទៀត ដោយអ្នកបើកបរទាំងឡាយ ប្រាកដជាអាចលែងហ៊ានចុចទូរសព្ទ តទៅទៀតជាក់មិនខានឡើយ នៅពេលដែលពួកគេដឹងថា មានកាមេរ៉ាកំពុងតែរងចាំថត ជារៀងរហូតដូចនេះ។ គួរតែបញ្ជាក់ឲ្យដឹងផងថា កាមេរ៉ាប្រភេទ AI ទាំងអស់នេះ គឺមិនចាប់យកផ្ទៃមុខមនុស្សនោះទេ ដោយឡែកវាចា
ប់យកសកម្មភាពវិញ ដូចរូបភាពដាក់បង្ហាញខាងលើអញ្ចឹង។








