នៅក្នុងពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើបានសម្រេចក្នុងការគូរផែនទី សម្រាប់ប្រើប្រាស់ នៅលើព្រះចន្ទ Titan ដែលស្ថិត នៅលើភពសៅរិ៍ ហើយនេះក៏ជាលើកទី 1 ដែរ ដែលពួកគេអាចធ្វើសម្រេចបានដូច្នេះ។ មិនត្រឹមតែប៉ុណ្នោះ ការសម្រេចបែបនេះ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ដឹងពីសណ្ឋាន ក៏ដូចជាតំបន់ផ្សេងៗ ដែលមានលើព្រះចន្ទដ៏ធំមួយនេះ ព្រមទាំងកាន់តែភាពងាយស្រួល ក្នុងការសិក្សាស្រាវជ្រាវ ពីអាថ៌កំបាំងជាច្រើន ដែលមាននៅលើភពមួយនេះផងដែរ។
មិនខុសទេ Titan គឺជាភពរណបធំមួយរបស់ភពសៅរិ៍ និយាយឲ្យចំទៅ វាគឺជាព្រះចន្ទធំជាងគេបំផុត របស់ភពសៅរិ៍ ហើយនៅក្នុងពេលនេះ ក្រុមអ្នកវិទ្យាសាស្រ្តក៏បាន គូរផែនទីមួយ ដែលនិយាយពីភពនេះ បានសម្រេចផងដែរ។ ប្រាកដណាស់ ជោគជ័យមួយនេះ បានមកពីការព្យាយាមរបស់អ្នកស្រាវជ្រាវ ក៏ដូចជាដោយសារការប្រើ យានអាវកាសស៊ើបអង្កេត Cassini របស់ NASA ប្រមាណជាជាង 100 ដើម្បីហោះវាស់ ក៏ដូចជាចាប់យករូបភាព នៃផ្ទៃសងខាងរបស់ភពខាងលើទៀតផង។ នៅក្នុងនោះដែរ គេឃើញថា 2 ភាគ 3 នៃភពនេះត្រូវបានគ្រប់ដណ្តប់ដោយផ្ទៃរាបស្មើរ ប៉ុន្តែ 17 ភាគរយនៃផ្នែកនេះ ភាគច្រើនជាតំបន់អេក្វាទ័រ ក្រៅពីនេះទៀត 14 ភាគរយនៃ Titan គឺជាតំបន់ភ្នំ ខណៈពេលដែល 1.5 ភាគរយនៃតំបន់ភ្នំនេះ ផ្ទៃដីហាក់ដូចជាទទួលរងសំណឹក ក៏ដូចជាមានភ្លៀងធ្លាក់។ លើសពីនេះទៅទៀត 1.5 ភាគរយនៃព្រះចន្ទរបស់ភពសៅរិ៍នេះ វាត្រូវបានគ្រប់ដណ្តប់ដោយបឹង ប៉ុន្តែវាមិនមែនជាបឹង ដែលមានទឹកនោះទេ និយាយឲ្យចំទៅ វាជាបឹងនៃមេតានតែម្ដង។
និយាយរួមមកវិញ យើងឃើញថា ក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើបានសម្រេចហើយ ក្នុងការបង្កើតផែនទីពីភពធំមួយ ដែលត្រូវបានគេស្គាល់ថា ជាព្រះចន្ទរបស់ភពសៅរិ៍ ពោលគឺជាផែនទីដំបូងមួយ ដែលនិយាយពីភព Titan នេះឯង។ យ៉ាងណាក៏ដោយ ដូចបានបញ្ជាក់ពីខាងដើមហើយថា ក្នុងការបង្កើតផែនទីនៃ Titan បានសម្រេច គឺពិតជាមានសារៈសំខាន់មែនទែន សម្រាប់អ្នកវិទ្យាសាស្រ្ត ព្រោះវាអាចជួយបង្កើន ភាពងាយស្រួលថែមមួយកម្រិតទៀត ក្នុងការសិក្សាស្រាវជ្រាវ ពីផ្នែកផ្សេងៗ ដែលមាននៅលើភពនេះ ក៏ដូចជាស្វែងយល់ពីអាថ៌កំបាំងជាច្រើន នៅក្នុងភពខាងលើនេះអញ្ចឹងដែរ។








