ទីក្រុងប៉េកាំងនៅថ្ងៃអង្គារទី ៣ មីនា ២០២០ បានគំរាមសងសឹកវិញ បន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ បានសម្រេចកាត់បន្ថយចំនួនអ្នកកាសែត ជនជាតិចិន ក្នុងទឹកដីអាមេរិក។ ការសម្រេចរបស់ក្រសួងការបរទេសអាមេរិក ធ្វើឡើង នៅ២ សប្តាហ៍ក្រោយ ដែលអាជ្ញាធរចិន បណ្តេញ អ្នកកាសែតអាមេរិកាំង ៣នាក់ របស់Wall Street Journal ចេញពីទីក្រុងប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកMike Pompeo បានពន្យល់ពីការសម្រេចចិត្តរបស់វ៉ាស៊ីនតោននេះថា ធ្វើឡើង ដើម្បីតុល្យភាព នៃចំនួនអ្នកកាសែត រវាងប្រទេសទាំងពីរ ប៉ុន្តែ មិនមែន ផ្អែកទៅលើខ្លឹមសាររបស់ប្រព័ន្ធផ្សព្វផ្សាយចិននោះទេ។
ប្រព័ន្ធផ្សព្វផ្សាយចិន ចំនួន ៥ ដូចជា ទីភ្នាក់ងារស៊ីនហួរ ទូរទស្សន៍ CGTN វិទ្យុអន្តរជាតិចិន និងកាសែត China Daily ជាដើម ដែលមានការិយាល័យរបស់ខ្លួន ក្នុងទឹកដីអាមេរិក នឹងរងប៉ះពាល់ ដោយសារការវិធានការរបស់ក្រសួងការបរទេស អាមេរិក ។ ជារួម ចំនួនអ្នកកាសែត របស់ប្រព័ន្ធផ្សព្វផ្សាយចិន ទាំង ៥ ដែលអាចធ្វើការនៅទឹកដីអាមេរិក នឹងថយចុះ ពី ១៦០នាក់ មកនៅត្រឹម ១០០នាក់ វិញ គិតចាប់ពីថ្ងៃទី ១៣មីនានេះតទៅ។
ទីក្រុងវ៉ាស៊ីនតោន បានសម្រេចកាត់បន្ថយចំនួនអ្នកកាសែតចិន ដែលកំពុងបម្រើការងារ នៅទឹកដីអាមេរិក ដើម្បី ឆ្លើយតបនឹងវិធានការរឹតបន្តឹងរបស់ទីក្រុងប៉េកាំង ទៅលើអ្នកកាសែតបរទេស នៅប្រទេសចិន។ វាកើតឡើង នៅ២សប្តាហ៍ក្រោយ ដែល អ្នកកាសែត អាមេរិកាំង៣នាក់ ត្រូវបានទីក្រុងប៉េកាំង ចាប់បណ្តេញចេញពីប្រទេស ដោយសារចំណងជើងអត្ថបទ ដែលមានន័យរើសអើង ប្រទេសចិន។
នៅក្នុងការចុះផ្សាយ កាលពីដើមខែកុម្ភៈ Wall Street Journal បានដាក់ចំណងជើងអត្ថបទរបស់ខ្លួនដែលទាក់ទងនឹងការរាតត្បាត កូរ៉ូណាវីរុស ថា ចិនជាមនុស្សដែលឈឺយ៉ាងប្រាកដនៅអាស៊ី។
សម្រាប់ ប្រមុខការបរទេសអាមេរិក លោក Mike Pompeo រាប់ឆ្នាំមកហើយ ចិនបានចាត់វិធានការ តាមដាន រករឿង បំភិតបំភ័យអ្នកកាសែតអាមេរិកាំង និងអ្នកកាសែតបរទេសផ្សេងទៀត ដែលធ្វើការនៅប្រទេសចិន។
មុនទីក្រុងប៉េកាំង ចាប់បណ្តេញអ្នកកាសែត អាមេរិកាំង ៣នាក់ របស់Wall Street Journal កាលពី ថ្ងៃទី ១៣កុម្ភៈ វ៉ាស៊ីនតោន ធ្លាប់បានចាត់ទុក ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ខាងលើថា ជាបេសកកម្មការទូត បរទេស នៅទឹកដីអាមេរិក។ ប៉ុន្តែ ចាប់ពីថ្ងៃចន្ទ អំណើះតទៅ ប្រព័ន្ធផ្សព្វផ្សាយចិន ទាំង៥ ដែលត្រូវកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួន នៅសហរដ្ឋអាមេរិក ត្រូវ បានវ៉ាស៊ីនតោនចាត់ទុកទៅវិញថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន។
ប្រតិកម្មតបនឹងការសម្រេចចិត្តរបស់វ៉ាស៊ីនតោន អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ បានរិះគន់ និងគំរាមចាត់វិធានការសងសឹកវ៉ាស៊ីនតោន ដែលបើតាមទីក្រុងប៉េកាំង កំពុង រកលេស គាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយចិន ដែលមានទីតាំងនៅអាមេរិក។
គណៈកម្មាធិការការពារអ្នកកាសែត CPJ បានបរិហារសង្រ្គាម សងសឹកគ្នាទៅវិញ ទៅមក រវាងអាមេរិក និងចិន នៅក្នុងរឿងរឹតបន្តឹង ការផ្តល់ទិដ្ឋការធ្វើការដល់អ្នកកាសែត។ សម្រាប់ប្រធានគណៈកម្មាធិការ ការពារអ្នកកាសែត សម្រាប់អាស៊ី វិធានការសងសឹកគ្នា ដោយដាក់សំពាធទៅលើអ្នកកាសែតទាំងពីរប្រទេស នឹងគំរាមកំហែងដល់សិទ្ធិទទួលបានព័ត៌មាន ជាពិសេស នៅក្នុងកាលៈទេសៈ ដែលកំពុងកើតមានជំងឺរាតត្បាត កូរ៉ូណាវីរុស។បើតាម អ្នកសម្របសម្រួលរបស់អង្គការការពារអ្នកកាសែត អាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យ មានច្បាប់រដ្ឋធម្មនុញ្ញផ្តល់សិទ្ធិសេរីភាពដល់អ្នកកាសែត ត្រូវបង្ហាញគំរូល្អ ជាជាងប្រកាន់ឥរិយាបទ យុទ្ធសាស្រ្ត ផ្តាច់ការ ដូចប្រទេសចិន៕









