GoDaddy ក្រុមហ៊ុនផ្តល់សេវាកម្មចុះឈ្មោះ និងអ្នកផ្តល់កម្មសិទ្ធិ Domain Name ធំជាងគេនៅលើពិភពលោក ព្រមទាំងផ្ដល់សេវាកម្ម Hosting បានប្រកាសថា ខ្លួនបានរងការបំពានពីសំណាក់ហេគឃ័រដោយប៉ះពាល់ដល់ព័ត៌មានគណនីអ្នកប្រើប្រាស់ជាច្រើន។
ក្រុមហ៊ុនបានជូនដំណឹងថា ក្រុមហេគឃ័របានចូលប្រើប្រាស់គណនីរបស់អ្នកប្រើប្រាស់ ដោយពួកគេប្រើប្រាស់ប័ណ្ណសម្គាល់គណនីគេហទំព័រដើម ធ្វើការភ្ជាប់តាមរយៈឯកសារ SSH។
GoDaddy រកឃើញថាឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ និងត្រូវបានអ្នកស្រាវជ្រាវសន្តិសុខ GoDaddy រកឃើញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២។ GoDaddy បានបញ្ជាក់ថា ការបំពានបង្កផលប៉ះពាល់តែម្ចាស់គណនីមេប៉ុណ្ណោះ វាមិនបានបង្កផលប៉ះពាល់ដល់ godaddy.com នោះទេ។ ដូច្នេះ គណនីអតិថិជនមិនទទួលរងផលប៉ះពាល់នោះទេ។ ក្រុមហ៊ុនបានធ្វើការកំណត់សារជាថ្មីចំពោះព័ត៌មានគណនីលុកចូលទាំងអស់ដើម្បីការពារការចូលដោយគ្មានការអនុញ្ញាត។
លើសពីនេះទៀត GoDaddy ថែមទាំងបាននិយាយថា ពួកគេនឹងផ្តល់សេវាកម្មសន្តិសុខឥតគិតថ្លៃរយៈពេលមួយឆ្នាំ។ក្រុមហ៊ុនថែមទាំងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង។ ក្រុមហ៊ុនបានចាត់វិធានការរួចរាល់ ហើយនឹងបន្តចាត់វិធានការដើម្បីពង្រឹងសន្តិសុខរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាក្នុងហេតុការណ៍នេះ៕
ប្រភពព័ត៌មាន gbhakcers ផ្សាយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០









