ក្រសួងមហាផ្ទៃអ៊ីរ៉ាក់និយាយថា គ្រាប់រ៉ុក្កែត Katyusha ចំនួន២គ្រាប់ត្រូវបានបាញ់ចេញ នៅថ្ងៃពុធ ធ្លាក់ទៅលើតំបន់បៃតង ដែលជាតំបន់មានកិច្ចការពារយ៉ាងខ្លាំងនៅកណ្តាលទីក្រុងបាកដាដ(Baghdad)។
ប្រភពដដែលបានប្រាប់ភ្នាក់ងារព័ត៌មានស៊ីនហួក្នុងលក្ខខណ្ឌអនាមិកថា ការវាយប្រហារ បានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ ដោយគ្រាប់រ៉ុក្កែតទាំងពីរនោះបានធ្លាក់ចុះនៅក្នុងតំបន់បៃតង ដែលនៅទីនោះមានការិយាល័យរដ្ឋាភិបាលអ៊ីរ៉ាក់សំខាន់ៗមួយចំនួន និងស្ថានទូតសហរដ្ឋអាមេរិកផងដែរ។
ទាក់ទិនទៅនឹងករណីវាយប្រហារនេះ ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកវាយប្រហារ និងអំពីស្ថានភាពគ្រោះថ្នាក់នោះទេ ប៉ុន្តែគេលឺសូរមានសម្លេងឡានស៊ីរ៉ែននៅក្នុងតំបន់នោះ។ រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេព្រោះថាមូលដ្ឋានយោធានោះមានទីស្នាក់ការកងទ័ពសហរដ្ឋអាមេរិកនៅទូទាំងប្រទេសអ៊ីរ៉ាក់ និងស្ថានទូតសហរដ្ឋអាមេរិក ដែលជាញឹកញាប់ទីនោះរងការវាយប្រហារពីកាំភ្លើងធំ និងគ្រាប់រ៉ុក្កែត។
ការវាយប្រហារនេះបានកើតឡើងនៅពេលដែលមន្ត្រីអ៊ីរ៉ាក់កំពុងត្រៀមសម្រាប់កិច្ចពិភាក្សាជាយុទ្ធសាស្ត្រមួយជាមួយភាគីសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងទីក្រុងបាដាដ និងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាធ្វើការពិភាក្សពីអនាគតនៃកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
គួររំលឹកផងដែរថា ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកបានជួបប្រទះភាពតានតឹងចាប់តាំងពីថ្ងៃទី៣ ខែមករាមក ក្រោយពេលដែលយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកបានវាយប្រហារលើក្បួនរថយន្តមួយនៅឯអាកាសយានដ្ឋានៅក្នុងទីក្រុងបាកដាដ ដែលបានសម្លាប់អតីតមេដឹកនាំឆ្មាំបដិវត្តន៍អ៊ីស្លាមលោក Qassem Soleimani និងអនុប្រធាននៃកងកម្លាំងប្រដាប់អាវុធ Hashd Shaabi របស់ប្រទេសអ៊ីរ៉ាក់លោក Abu Mahdi al-Muhandis ។
ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលសម្លាប់អតីតមេដឹកនាំឆ្មាំបដិវត្តន៍អ៊ីស្លាមបានជំរុញឱ្យសភាអ៊ីរ៉ាក់នៅថ្ងៃទី៥ ខែមករា ធ្វើការអនុម័តនូវដំណោះស្រាយមួយដោយតម្រូវឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់បញ្ចប់វត្តមានរបស់កងកម្លាំងបរទេសនៅក្នុងប្រទេស។ ទាក់ទងទៅនឹងកម្លាំងបរទេស មានទាហានសហរដ្ឋអាមេរិកចំនួន ៥ ០០០ នាក់ពង្រាយក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីផ្តល់ការគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងសមាជិករដ្ឋអ៊ីស្លាម ដោយទាហានអាមេរិកភាគច្រើនបានផ្តល់ការបណ្តុះបណ្តាល និងយោបល់ដល់កងកម្លាំងអ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០









