ប្រទេសឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អាមីត ស្ហាហ (Amit Shah) បានថ្លែងកាលពីម្សិលមិញថា ភ្នាក់ងារសន្តិសុខឥណ្ឌាបានចាប់ខ្លួនប្រតិបត្តិករភេរវកម្ម ជាង ២០០នាក់ ដោយបានទប់ស្កាត់ការវាយប្រហារបំផ្លិចបំផ្លាញដែលអាចកើតមាននៅទូទាំងប្រទេស មុនថ្ងៃបុណ្យឯករាជ្យជាតិឥណ្ឌាកាលពីសប្តាហ៍មុន។ លោកបានបញ្ជាក់ថា នេះគឺជាប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្វីដែលលោក ស្ហាហ បាននិយាយគឺសំដៅដល់ប្រតិបត្តិការជាច្រើនរបស់រដ្ឋប្រឆាំងនឹងបណ្ដាញភេរវកម្មដែលគាំទ្រដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប៉ាគីស្ថាន (ISI) ដោយបានធ្វើឡើងនៅទូទាំងរដ្ឋចំនួន ១៤ របស់ឥណ្ឌា កាលពីថ្ងៃទី១២ ខែសីហា គឺ ៣ថ្ងៃមុនពេលឥណ្ឌាប្រារព្ធខួបលើកទី ៨០ នៃការទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស។
ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ខ្លួនសុំបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់លោក ស្ហាហ និងបានហៅការចោទប្រកាន់ទាំងនោះថា “ជាការឃោសនា”។ កន្លងមក ប្រទេសប៉ាគីស្ថានក៏ធ្លាប់បានបដិសេធការចោទប្រកាន់ថា ខ្លួនបានគាំទ្រក្រុមសកម្មប្រយុទ្ធដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនានានៅក្នុងប្រទេសឥណ្ឌាផងដែរ។ លោក ស្ហាហ បានផុសសារលើបណ្តាញសង្គមអ៊ីក្សថា “រដ្ឋាភិបាលមូឌី (Modi) បានបំផ្លាញបណ្ដាញភេរវកម្ម (Shahzad Bhatti Network) ដែលគាំទ្រដោយ ISI មុនថ្ងៃបុណ្យឯករាជ្យ និងបានទប់ស្កាត់ផែនការវាយប្រហារបំផ្លិចបំផ្លាញរបស់ពួកគេ ដោយចាប់ខ្លួនប្រតិបត្តករជាង ២០០នាក់”។លោក ស្ហាហ បានបន្ថែមថា ភ្នាក់ងារសន្តិសុខបានរឹបអូសកាំភ្លើងខ្លី គ្រាប់កាំភ្លើងជាច្រើនគ្រាប់ គ្រាប់បែកដៃដែលមានស្លាកផលិតដោយរោងចក្រប៉ាគីស្ថាន និងគ្រាប់បែកកែឆ្នៃជាច្រើនគ្រាប់៕
ប្រភព gdnonline ចុះផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦










