ការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅថ្ងៃអាទិត្យ ទី២១ ម្សិលមិញនៅក្នុងខេត្ត Herat ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន។ ប៉ូលិសនៅក្នុងតំបន់មានប្រសាសន៍ថា មន្ត្រីប៉ូលិសចំនួន៣នាក់ត្រូវគេសម្លាប់ និងចំនួន៣នាក់ផ្សេងទៀតរងរបួស។
នាយកដ្ឋាននគរបាលខេត្តអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកប៉ូលិសជាតិអាហ្វហ្គានីស្ថាន (ANP) ចំនួន៣នាក់ត្រូវបានសម្លាប់ និងចំនួន៣នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយនៅតាមបណ្តោយផ្លូវ Herat-Islam Qala ក្នុងស្រុក Kohsan នៅថ្ងៃអាទិត្យម្សិលមិញ។
សេចក្តីថ្លែងការណ៍នោះធ្វើឡើងដោយបានស្តីបន្ទោសលើក្រុមសកម្មប្រយុទ្ធតាលីបង់ចំពោះការវាយប្រហារនេះ។
គួរបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃប្រទេសអាហ្វហ្គានីស្ថានធ្វើសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យថា នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា រយៈពេលមួយថ្ងៃមុនពេលមានការណ៍ផ្ទុះនេះកើតឡើង កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដោះគ្រាប់បែកចំនួន៩គ្រាប់ និងគ្រាប់មីនច្នៃមួយចំនួនដែលផលិតនៅតាមផ្ទះ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០