ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន និង​ក្រុម​ភេរ​វករ បណ្ដាលឱ្យ​ស្លាប់ និង​របួស​មនុស្ស​ជាច្រើន​នាក់

0

សេចក្តីថ្លែងការណ៍​យោធា​មួយ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​លើកឡើងថា មានការ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន និង​ក្រុម​ភេរ​វករ នៅក្នុង​ខេត្ត Khyber Pakhtunkhwa ភាគ​ពាយព្យ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន។ ហេតុការណ៍​នោះ​បណ្តាលឱ្យ​មន្ត្រី​យោធា​ម្នាក់ និង​ទាហាន​ម្នាក់​ស្លាប់ និង​បណ្តាលឱ្យ​ទាហាន​ពីរ​នាក់​រងរបួស ។

ប្រព័ន្ធ​ផ្សព្វផ្សាយរ​បស់ទ័ព​ប៉ា​គី​ស្ថាន ដែលជា​ភ្នាក់ងារ​ទំនាក់ទំនង​សាធារណៈ​អន្តរសេវាកម្ម (Inter-Services Public Relations)និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុម​ភេរវ​ករ​បាន​បាញ់រះ​ទៅលើ​កងកម្លាំង​ទ័ព​នៅពេល​កងកម្លាំង​ទាំងនោះ​កំពុង​យាមល្បាត​នៅក្បែរ​ព្រំដែន​នៃ​តំបន់​សម្ព័ន្ធ Waziristan ខាងជើង និង​Waziristanខាងត្បូង។ ប្រភព​បន្ថែមថា អំឡុងពេល​ប្រឈមមុខគ្នា ភេរវ​ករ​ម្នាក់​ក៏ត្រូវ​កងទ័ព​បាញសម្លាប់​ផងដែរ។ ក្រោយពី​មានការ​វាយប្រហារ​រួច កម្លាំង​ការពារ​សន្តិសុខ​បាន​បើក​ប្រតិបត្តិការ​នៅ​តំបន់​នោះ និង​បំផ្លាញ​ទីតាំង​របស់​ភេរវ​ករ​មួយកន្លែង។

ពុំទាន់​មាន​ក្រុម​ណា​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​កា​វាយប្រហារ​នៅឡើយ។

សូមបញ្ជាក់​ជូន​ផងដែរ តំបន់​សម្ព័ន្ធ​នេះ​ធ្លាប់ជា​ចំណុចប្រសព្វ​នៃ​ការធ្វើ​សង្គ្រាម ក៏ប៉ុន្តែ​ក្រោយពី​កងកម្លាំង​ការពារ​សន្តិសុខ​ធ្វើ​ប្រតិបត្តិការ​បាន​ជោគជ័យ ការវាយប្រហារ​ភេរវកម្ម​មានការ​កាត់បន្ថយ​យ៉ាងខ្លាំង ហើយ​សន្តិភាព​ត្រូវបាន​ស្តារឡើងវិញ។ ទោះជា​យ៉ាងណា ការវាយប្រហារ​ជា​ញឹកញាប់​នៅតែ​បន្ត​កើតមាន​នៅក្នុង​តំបន់​នោះ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here