ប៉ូលិសអន្តរជាតិបាននិយាយថា វិធានការណ៍ផ្ទាល់របស់ប៉ូលិសអន្តរជាតិនឹងមិនអាចធ្វើតាមសំណើរបស់ប្រទេសអ៊ីរ៉ង់ក្នុងការចាប់ខ្លួនប្រធានាធិបតីអាមេរិក លោក Donald Trump ពីបទឃាតកម្មលើលោក កាហ្ស៊ីម សូឡៃម៉ានី (Qassem Soleimani) បាននោះទេ។

នៅថ្ងៃចន្ទ ទី២៩ ម្សិលមិញនេះ ទីក្រុងតេហេរ៉ង់បានប្រកាសថា ពួកគេនឹងស្វែងរកការចាប់ខ្លួនមនុស្សចំនួន៣៦នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតឧត្តមសេនីយ៍លោក Qassem Soleimani នៅសហរដ្ឋអាមេរិក កាលពីខែមករា។
អង្គភាពដែលមានមូលដ្ឋាននៅទីក្រុង Lyon បានប្រាប់ភ្នាក់ងារ RIA Novosti ថា ប្រសិនបើពួកគេទទួលបានសំណើដើម្បីចាប់ខ្លួនលោក Trump ច្បាប់ផ្ទាល់របស់ពួកគេនឹងមិនអនុញ្ញាតឱ្យពួកគេចាត់វិធានការណ៍បែបនោះបានទេ។
ប៉ូលិសអន្តរជាតិ Interpol ដើរតួជាភ្នាក់ងារទំនាក់ទំនងរវាងអង្គភាពអនុវត្តច្បាប់នៅក្នុងរដ្ឋជាសមាជិក ដោយជួយពួកគេក្នុងការសហការគ្នាដើម្បីដោះស្រាយឧក្រិដ្ឋកម្ម និងចាប់ខ្លួនជនសង្ស័យដែលព្យាយាមរត់គេចពីអំពើរយុត្តិធម៍នៅក្នុងដែនសមត្ថកិច្ចផ្សេង។
អ្នកនាំពាក្យរបស់អង្គភាពនេះបាននិយាយថា ប៉ូលិសអន្តរជាតិ Interpol បានរក្សាអព្យាក្រឹតភាពនយោបាយ និងត្រូវបានរារាំងដោយធម្មនុញ្ញរបស់ខ្លួនពីការចូលរួមក្នុងសកម្មភាពនយោបាយ យោធា សាសនា ឬសកម្មភាពពូជសាសន៍។
សូមរំលឹកផងដែរថា លោក ហ្គាហ្ស៊ីម សូឡៃម៉ានី (Soleimani) ដែលជាប្រមុខអង្គភាពពិសេសនៃកងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់បានបាត់បង់ ក្នុងការវាយប្រហារពីយន្តហោះដ្រូនរបស់យោធាអាមេរិក ទៅលើក្បួនរថយន្តរបស់លោក នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដ នៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនោះធ្វើឡើងនៅពេលដែលលោកបានធ្វើដំណើរទៅទស្សនកិច្ចក្នុងប្រទេសអ៊ីរ៉ាក់។
ទីក្រុងវ៉ាស៊ីនតោននិយាយថា ការសម្លាប់នោះគឺសមហេតុផលដោយសារលោកសូឡៃម៉ានីមានផែនការទូទៅក្នុងការវាយប្រហារប្រឆាំងនឹងទាហានអាមេរិក។ ក្រុងតេហេរ៉ង់ចាត់ទុកថា ការវាយប្រហារនោះជាអំពើភេរវកម្មរបស់រដ្ឋ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០