ប៉ូលិសនិយាយថា នៅថ្ងៃអង្គារ ម្សិលមិញ មានការប្រយុទ្ធគ្នាយ៉ាងសាហាវមួយកើតឡើងរវាងសមាជិកក្រុមសកម្មប្រយុទ្ធជាមួយនឹងកងកម្លាំងរដ្ឋាភិបាលនៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ ហេតុការណ៍នេះបានសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួនពីរនាក់។
ការផ្ទុះអាវុធបានកើតឡើងនៅក្នុងភូមិ Waghama នៃស្រុក Anantnag ដែលមានចម្ងាយ ៤៨គីឡូម៉ែត្រនៅភាគខាងត្បូងរដ្ឋធានី Srinagar។ Srinagar ជារដ្ឋធានីរដូវក្តៅនៅតំបន់ កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ មន្ត្រីជាន់ខ្ពស់ប៉ូលិសម្នាក់និយាយថា៖ “ហេតុការណ៍បាញ់កាំភ្លើងរវាងសមាជិកសកម្មប្រយុទ្ធ ជាមួយនឹងកម្លាំងប៉ូលិសរួមជាមួយនឹងកម្លាំងសន្តិសុខបានកើតឡើងនៅភូមិ Waghama នៃស្រុក Anantnag សម្លាប់សកម្មប្រយុទ្ធចំនួន២នាក់។
មន្ត្រីប៉ូលិសនិយាយថា គេកំណត់បានអត្តសញ្ញាណរបស់សមាជិកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់នោះ។ ទោះជាយ៉ាងណា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា សកម្មប្រយុទ្ធដែលត្រូវគេសម្លាប់គឺជាកម្មាភិបាលមូលដ្ឋាន។ ប៉ូលិសបន្តថា កងកម្លាំរដ្ឋាភិបាលមិនបានរងការខូចខាតណាមួយនៅក្នុងការប្រឈមមុខដាក់គ្នានោះទេ។
គួររំលឹកផងដែរថា ហេតុការណ៍ថ្មីផ្សេងៗទៀតដែលទើបតែកើតឡើងក្នុងតំបន់កាស្មៀររួមមាន៖
-ទាហានប៉េអឹមម្នាក់ត្រូវបានសម្លាប់ ក្រោយពីក្រុមសកម្មប្រយុទ្ធបានបាញ់ទៅលើគាត់នៅក្នុងតំបន់កាស្មៀរ។
-ករណីមួយទៀត ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ក៏ត្រូវបានសម្លាប់ដោយអណ្តាតភ្លើងដែរ។
-នៅថ្ងៃចន្ទ ទី២៩ ដើមសប្តាហ៍នេះ សកម្មប្រយុទ្ធចំនួនបីនាក់ត្រូវបានសម្លាប់ក្នុងតំបន់កាស្មៀរ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងស្រដៀងគ្នាដែរ។
-ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុងញូវដែលី មានជាប់ទាក់ទងនឹងសង្គ្រាមទ័ពព្រៃជាមួយកងទ័ពឥណ្ឌានៅក្នុងតំបន់នៅឆ្នាំ១៩៨៩ ។
-ក្នុងតំបន់កាស្មៀរ នៅតំបន់ Himalayan ជាតំបន់ខណ្ឌចែកទឹកដីប្រទេសឥណ្ឌា និងប៉ាគីស្ថាន មានការទាមទារដណ្តើមគ្នារវាងប្រទេសទាំងពីរ។ ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសមកប្រទេសទាំងពីរបានធ្វើសង្គ្រាមចំនួន ៣លើកដើម្បីដណ្តើមយកតំបន់កាស្មៀរ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០