កងកម្លាំងអារ៉ាប៊ីសាអូឌីតធ្វើការវាយប្រហារតាមអាកាសចំផ្ទះមួយក្នុងខេត្ត Hajjah នៅភាគខាងជើងប្រទេសយេម៉ែន បណ្តាលឲ្យមនុស្សចំនួន១០នាក់ស្លាប់។
ទូរទស្សន៍ Al-Masirah ដឹកនាំដោយក្រុមឧទ្ទាម Houthi រាយការណ៍ថា គ្រួសារមួយដែលមានសមាជិកចំនួន១០នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យ សប្តាហ៍មុន ក្រោយពីមានការវាយប្រហារតាមអាកាសដឹកនាំដោយកម្លាំងអារ៉ាប៊ីសាអូឌីតក្នុងខេត្ត Hajjah នៅភាគខាងជើងប្រទេសយេម៉ែន។ ជនរងគ្រោះទាំងនោះភាគច្រើនជាស្ត្រី និងកុមារ។ យ៉ាងណាមិញ ពុំទាន់មានការអត្ថាធិប្បាយណាមួយពីកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតជុំវិញការវាយប្រហារតាមអាកាសនេះ។
គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុម Houthi គាំទ្រដោយអ៊ីរ៉ង់បានកាន់កាប់តំបន់ជាច្រើននៅភាគខាងជើងប្រទេស និងបង្ខំរដ្ឋាភិបាលដែលគាំទ្រដោយប្រធានាធិបតីអារ៉ាប៊ីសាអូឌីតលោក Abd-Rabbuh Mansour Hadi ឲ្យចេញពីរដ្ឋធានី Sanaa ។
សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះប្រទេសយេម៉ែននៅខែមីនា ឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលលោកHadi។ សង្គ្រាមបានសម្លាប់មនុស្សចំនួនរាប់ពាន់នាក់ដែលភាគច្រើនជាកុមារ និងនាំឲ្យមនុស្សចំនួន៣លាននាក់ផ្លាស់ទីលំនៅ និងបណ្តាលឲ្យមនុស្សច្រើនជាងចំនួន២០លាននាក់ឲ្យធ្លាក់ក្នុងស្ថានភាពភាពអត់ឃ្លាន។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០