នៅថ្ងៃពុធ ទី១៥ សប្តាហ៍នេះ កងកម្លាំងសេវាកម្មប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS)ចំនួន០៦នាក់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងបានចាប់ខ្លួនភេរវករចំនួន០៤នាក់ផ្សេងទៀតនៅជិតរដ្ឋធានីបាដាដ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងកម្លាំង CTS បាននិយាយថា នៅព្រឹកព្រលឹមថ្ងៃអង្គារ កងទ័ព CTS ដែលគាំទ្រដោយយន្តហោះចម្រុះអន្តរជាតិបានធ្វើប្រតិបត្តិការសន្តិសុខក្នុងតំបន់មួយនៅភាគខាងត្បូងខេត្ត Kirkuk និងបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ IS ចំនួន០៦នាក់។
នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយផ្សេងទៀត កងកម្លាំង CTS បានចាប់ខ្លួនសមាជិកសកម្មប្រយុទ្ធ IS ចំនួន ០៣នាក់នៅក្នុងតំបន់ al-Taji ដែលមានចម្ងាយ២៥គីឡូម៉ែត្រពីខាងជើងទីក្រុងបាកដាដ និងសមាជិកសកម្មប្រយុទ្ធម្នាក់ទៀតនៅតំបន់ Abu Ghraib នៅចម្ងាយប្រមាណ២០ គីឡូម៉ែត្រនៅខាងលិចទីក្រុងបាកដាដ។
ប្រតិបត្តិការនោះធ្វើឡើងនៅពេលដែលក្រុមសកម្មប្រយុទ្ធ IS ជ្រុលនិយមបានបង្កើនការវាយប្រហាររបស់ពួកគេទៅលើកងកម្លាំងសន្តិសុខរួមទាំងកងកម្លាំង Hashd Shaabi និងជនស៊ីវិលនៅក្នុងខេត្ត Sunni ដែលគ្រប់គ្រងដោយអតីតរដ្ឋអ៊ីស្លាម។ ការវាយប្រហារនោះបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធ IS នៅទូទាំងប្រទេសនៅចុងឆ្នាំ ២០១៧ ។
ទោះជាយ៉ាងណាក៏ដោយសមាជិកឧទ្ទាម IS នៅសេសសល់បានបង្កប់ខ្លួននៅក្នុងតំបន់ទីក្រុង ឬវាលខ្សាច់ និងតំបន់រឹងមាំផ្សេងទៀត ដោយធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០