ប្រទេសតួកគីបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មថ្មីមួយដែលមានឈ្មោះថា “Lightning-2 Cilo” និងបានសម្លាប់សមាជិកនៃគណបក្សពលករឃឺដខុសច្បាប់ចំនួន០៣នាក់។
ក្រសួងមហាផ្ទៃតួកគីបាននិយាយនៅថ្ងៃច័ន្ទ ទី២០ ម្សិលមិញនេះថា យ៉ាងហោចណាស់មានសមាជិកចំនួន០៣នាក់នៃគណបក្សពលករឃឺដខុសច្បាប់ (PKK) ត្រូវបានសម្លាប់ក្នុងទីក្រុង Hakkari នៅភាគអាគ្នេយ៍របស់ប្រទេសតួកគីនៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មថ្មីមួយដែលមានឈ្មោះថា“Lightning-2 Cilo” ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការប្រឆាំងនឹងអំពើរភេរវកម្មមានការចូលរួមពីកងកម្លាំងសន្តិសុខសរុបចំនួន១១០៦នាក់ ដោយក្នុងនោះរួមមានកងកម្លាំងកុម្ម៉ង់ដូ កងកម្លាំងរាជអាវុធហត្ថ កងកម្លាំងពិសេស កងកម្លាំងប៉ូលិស និងក្រុមសន្តិសុខក្នុងតំបន់។
យោងតាមប្រភពព័ត៌មានពីក្រសួងបានឲ្យដឹងថា ប្រតិបត្តិការនោះមានដំណើរការនៅថ្ងៃអាទិត្យ ទី១៩ នៅសប្តាហ៍មុន និងមានគោលបំណងលុបបំបាត់សមាជិក PKK ក្នុងតំបន់។
កងកម្លាំងសន្តិសុខតួកគីធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាប្រចាំនៅក្នុងតំបន់ភាគខាងកើត និងភាគអាគ្នេយ៍នៃប្រទេសតួកគី ប៉ុន្តែប្រតិបត្តិការនោះត្រូវបានពង្រឹងបន្ថែមទៀតចាប់ពីខែកក្កដា ឆ្នាំ២០១៨មក ។
កងកម្លាំងប្រដាប់អាវុធតួកគី (TSK) ក៏ធ្លាប់បានអនុវត្តប្រតិបត្តិការឆ្លងកាត់ព្រំដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលជាតំបន់មួយមានសមាជិក PKK លាក់ខ្លួន។
គួររំលឹកផងដែរថា សមាជិក PKK ត្រូវប្រទេសតួកគី សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុបចុះបញ្ជីជាអង្គការភេរវករ។ សមាជិក PKK បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលច្រើនជាង ៣០ឆ្នាំនិងបានសម្លាប់មនុស្សច្រើនជាងចំនួន៤ម៉ឺននាក់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០