យ៉ាងហោចណាស់ មនុស្ស ៧ នាក់រងរបួស ខណៈ ៣ នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបើកបុករះនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងប៊ែរឡាំង

0

មនុស្សមួយចំនួនបានរងរបួសនៅព្រឹកថ្ងៃអាទិត្យនេះនៅពេលដែលរថយន្តមួយគ្រឿងបើកបុករះអ្នកឈរនៅលើចញ្ចើមផ្លូវនៅសង្កាត់ភាគខាងលិចនៃតំបន់ Charlottenburgនៃទីក្រុងប៊ែរឡាំង។ អ្នកបើកបរត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខ។

ឧប្បត្តិហេតុដ៏គួរឱ្យកត់សម្គាល់បានលាតត្រដាងនៅជិតស្ថានីយ៍សួនសត្វ Bahnhof ក្នុងទីក្រុងប៊ែរឡាំង -Charlottenburgដែលមានទីតាំងស្ថិតនៅជិតសួនសត្វដ៏ពេញនិយមរបស់ទីក្រុងនេះ។ ក្រុមពន្លត់អគ្គីភ័យរបស់រដ្ឋធានីអាល្លឺម៉ង់បានរាយការណ៍នៅលើបណ្តាញសង្គមធ្វីតធឺរថា រថយន្តមួយគ្រឿងបើកបុករះនៅលើចិញ្ចើមផ្លូវ។

មនុស្ស ៧ នាក់បានរងរបួសក្នុងនោះមាន ៣ នាក់រងរបួសធ្ងន់។ ក្រុមអ្នកជួយសង្គ្រោះប្រមាណ ៦០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះដែលត្រូវបានបិទដោយប៉ូលិស។ អាជ្ញាធរក៏បានបញ្ជូនឧទ្ធម្ភាគចក្រដើម្បីដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាអ្នកបើកបរខ្លួនឯងក៏ស្ថិតក្នុងចំណោមអ្នកដែលរងរបួសដែរ។ គាត់ត្រូវបានចាប់ខ្លួនភ្លាមៗដោយប៉ូលិស។ ប៉ូលិសមិនជឿថា វាមានហេតុផលនយោបាយឬសាសនាណាមួយនៅពីក្រោយឧប្បត្តិហេតុនេះទេ។ អ្នកអនុវត្តច្បាប់បានប្រើឆ្កែប៉ូលិសដើម្បីឆែកមើលវត្តមាននៃគ្រឿងផ្ទុះណាមួយ។ មន្ត្រីប្រដាប់អាវុធយ៉ាងច្រើនក៏មានវត្តមាននៅក្បែរនោះដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here