តួកគីនឹងបន្តការហោះហើរជាមួយប្រទេសរុស្ស៊ី កូវ៉ែត ឥណ្ឌា អាហ្វ្រិកខាងត្បូង

0

រដ្ឋមន្រ្តីដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសតួកគីលោក Adil Karaismailoglu បានប្រកាសនៅថ្ងៃចន្ទថា ជើងហោះហើររបស់អ្នកដំណើររវាងប្រទេសតួកគី និងរុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា។

លោក Karaismailoglu មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ក្រោយពីមានកិច្ចចរចារជាមួយក្រសួងដឹកជញ្ជូនរុស្ស៊ី ទីក្រុងម៉ូស្គូបានសម្រេចចិត្តបន្តការហោះហើរជាមួយប្រទេសតួកគីចាប់ពីថ្ងៃទី០១ ខែសីហាខាងមុខនេះ។

ជើងហោះហើរដំបូងនឹងហោះហើររវាងទីក្រុងនានារបស់រុស្ស៊ីដូចជាទីក្រុងមូស្គូ ទីក្រុង Saint-Petersburg  ទីក្រុង Rostov-on-Don និងទីក្រុង Istanbul និងទីក្រុងអង់ការ៉ារបស់ប្រទេសតួកគី ក្រោយមកនឹងទៅទិសដៅនានានឹងរួមបញ្ចូលទាំងរមណីយដ្ឋានឆ្នេរសមុទ្ររបស់តួកគីរួមមាន Antalya, Bodrum និង Dalaman។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ជើងហោះហើររវាងប្រទេសតួកគី និងប្រទេសគុយវ៉ែតប្រទេសឥណ្ឌា និងប្រទេសអាហ្វ្រិកខាងត្បូងនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហាផងដែរដោយបញ្ជាក់ថា រដ្ឋាភិបាលកំពុងពិចារណាបន្តការហោះហើរជាមួយប្រទេសទុយនីស៊ី  ប្រទេសអាល់ហ្សេរី អេហ្ស៊ីប កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ កេនយ៉ា និងអ៊ូសបេគីស្ថាន។

គួររំលឹកផងដែរថា ប្រទេសរុស្ស៊ីបានផ្អាករាល់ជើងហោះហើរអន្តរជាតិអន្តរជាតិនៅថ្ងៃទី ២៧ ខែមីនាដើម្បីចៀសវាងការរីករាលដាលនៃជំងឺកូវីដ១៩។ ទីក្រុងអង់ការ៉ាបានពិភាក្សាជាយូរមកហើយជាមួយទីក្រុងម៉ូស្គូដើម្បីចាប់ផ្តើមជើងហោះហើររបស់អ្នកដំណើរចាប់តាំងពីភ្ញៀវទេសចររុស្ស៊ីមានសារៈសំខាន់សម្រាប់ចំណូលទេសចរណ៍របស់ប្រទេសនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here