អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅក្បែរភោជនីយដ្ឋានដ៏មមាញឹកមួយនៅក្នុងស្រុក Hamarjajab ក្នុងទីក្រុង Mogarishu ដោយបានសម្លាប់មនុស្សចំនួន០៣នាក់ និងបានបណ្តាលឲ្យមនុស្សចំនួន០៤នាក់ផ្សេងទៀតរងរបួស។
មន្ត្រីសុខាភិបាល និងសាក្សីបាននិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្សចំនួន០៣ នាក់បានស្លាប់ និងចំនួន០៤នាក់ផ្សេងទៀតរងរបួស ក្រោយពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅក្បែរភោជនីយដ្ឋានដ៏មមាញឹកមួយនៅក្នុងស្រុក Hamarjajab ក្នុងទីក្រុង Mogarishu ។
លោក Abdikadir Abdirrahman នាយកក្រុមហ៊ុន Aamin Ambulance ប្រាប់ភ្នាក់ងារ ព័ត៌មានថា៖ “យើងបានដឹកសាកសពចំនួន៣នាក់ និងមនុស្សចំនួន០៤នាក់ដែលរងរបួសទៅកាន់មន្ទីរពេទ្យ” ។
ប្រភពព័ត៌មានពីប៉ូលិសបន្តថា កម្លាំងសន្តិសុខបានបញ្ឈប់ជនបំផ្ទុះគ្រាប់បែកអត្តឃាតដោយបាញ់ទៅលើអ្នកវាយប្រហារមុនពេលឈានដល់គោលដៅ។
ទោះយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលលោក Ismael Mukhtar Omar មានប្រសាសន៍ថា មនុស្សចំនួនពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានពាក់អាវកាក់អត្តឃាត និងបានបំផ្ទុះខ្លួនឯងនៅច្រកចូលភោជនីយដ្ឋាន Lul Yamani ។ លោកមានប្រសាសន៍ថា៖ “អ្នកវាយប្រហារចង់បំផ្ទុះខ្លួនឯងនៅខាងក្នុងភោជនីយដ្ឋាន ប៉ុន្តែបុគ្គលិកសន្តិសុខភោជនីយដ្ឋានម្នាក់បានចាប់គាត់ ហើយបញ្ឈប់គាត់នៅក្លោងទ្វារមុនពេលមានការផ្ទុះកើតឡើង” សាក្សីបាននិយាយថា ពួកគេបានលឺការផ្ទុះដ៏ធំមួយនៅជិតកំពង់ផែ Mogadishu។
សាក្សីនិយាយថា៖ “នៅពេលដែលខ្ញុំកំពុងធ្វើដំណើរក្បែរផ្លូវនោះខ្ញុំបានលឺសំឡេងផ្ទុះយ៉ាងខ្លាំង ក្រោយមកខ្ញុំបានរត់គេចខ្លួនដើម្បីសុវត្ថិភាពរបស់ខ្ញុំ។
ពុំទាន់មានការអះអាងទទួលខុសត្រូវភ្លាមៗ ចំពោះការវាយប្រហារចុងក្រោយនេះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធ al-Shabab ដែលកំពុងធ្វើការប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចតែងតែធ្លាប់ធ្វើការវាយប្រហារបែបនេះកាលពីពេលកន្លងមក៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០