ឧទ្ទាម Houthi អះអាងថា​ពួកគេ​នៅ​ពីក្រោយ​ការវាយប្រហារ​ឆ្លង​ព្រំដែន​លើ​អាកាសយានដ្ឋាន​អា​រ៉ា​ប៊ី​សា​អូឌីត

0

ទូរទស្សន៍ Houthi គ្រប់គ្រង​ដោយ al-Masirah រាយការណ៍​នៅ​ថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ថា​កងជីវពល Houthi ក្នុងប្រទេស​យេ​ម៉ែន​និយាយថា ពួកគេ​បាន​បើក​ការវាយប្រហារ​លើ​អាកាសយានដ្ឋាន​ព្រំដែន​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ទូរទស្សន៍​ផ្សាយ​ដោយ​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​យោធា Houthi លោក Yahya Sarea ថា៖ “ការវាយប្រហារ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ Abha ជាការ​ឆ្លើយតប​នឹង​ទៅ​ការវាយប្រហារ​តាម​អាកាស​របស់​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​លើ​ប្រទេស​យេ​ម៉ែន” ។

ទូរទស្សន៍ Houthi មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ស្តីពី​អាវុធ​ដែល​គេ​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​នោះទេ ប៉ុន្តែ​នៅក្នុង​ការវាយប្រហារមុនៗ ក្រុម​ឧទ្ទាម​នោះ​ធ្លាប់បាន​ប្រើប្រាស់មី​ស៊ី​ល​ផ្លោង និង​យន្តហោះ​គ្មាន​មនុស្ស​បើក។

អាកាសយានដ្ឋាន​នោះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង Abha ដែលជា​រដ្ឋធានី​របស់​ខេត្ត Asir នៅ​ភាគ​និរតី​នៃ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត។

ប្រទេស​យេ​ម៉ែន​បាន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ចុងឆ្នាំ២០១៤ នៅពេលដែល​ក្រុម​ឧទ្ទាម Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​ធ្វើការ​គ្រប់គ្រង​ភាគ​ខាងជើង​ប្រទេស និង​បាន​បង្ខំ​រដ្ឋាភិបាល​គាំទ្រ​ដោយ​ប្រធានាធិបតី​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Abd-Rabbu Mansour Hadi ចេញពី​រដ្ឋធានី Sanaa ។

គួរ​រំលឹក​ផងដែរ​ថា សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បានធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ប្រទេស​យេ​ម៉ែន​នៅ​ខែមីនា ឆ្នាំ ២០១៥ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ហា​ឌី (Hadi) ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here